អ៊ីស្រាអែល បានបន្តទម្លាក់គ្រាប់បែកលើគោលដៅនានាក្នុងប្រទេសលីបង់ និងតំបន់ហ្កាហ្សាស្ទ្រីប ខណៈសង្រ្គាមដ៏បង្ហូរឈាមនៃតំបន់ហ៊ុមព័ទ្ធនោះមានអាយុកាលមួយឆ្នាំនៅថ្ងៃចន្ទ (០៧ តុលា) នេះ ក្រោយការវាយប្រហារពីក្រុមហាម៉ាស លើភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំមុន ស្របពេលដែលក្ដីបារម្ភនៃសង្រ្គាមរីករាលដាលនៅមជ្ឈិមបូព៌ា កាន់តែខ្លាំងក្លាឡើង។
ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានវាយលុកតំបន់ជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូត កាលពីថ្ងៃអាទិត្យ នៅក្នុងការទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លាបំផុតលើរដ្ឋធានីលីបង់ ចាប់តាំងពីអ៊ីស្រាអែលបានបង្កើនយុទ្ធនាការរបស់ខ្លួនប្រឆាំងនឹងក្រុម ហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ កាលពីខែមុនមក។ មីស៊ីលធំៗបានហោះហើរពាសពេញអាកាស ហើយផ្ទុះឡើងពេញទីក្រុងបេរូត។
យោធាអ៊ីស្រាអែល បានចេញបញ្ជាជម្លៀសថ្មីសម្រាប់ប្រជាជននៅភាគខាងត្បូងរដ្ឋធានីលីបង់ កាលពីល្ងាចថ្ងៃអាទិត្យ មុនការវាយប្រហារកាន់តែខ្លាំង។ កាលពីយប់ថ្ងៃអាទិត្យ អ៊ីស្រាអែល បានប្រកាសតំបន់ចំនួន៣ បន្ថែមទៀតនៅព្រំដែនភាគខាងជើងរបស់ខ្លួនជាតំបន់យោធាដែលត្រូវបានបិទ បន្ថែមពីលើការបិទច្រើនជាង ៥តំបន់កាលពីសប្តាហ៍មុនទុកជាតំបន់ប្រយុទ្ធ។
នៅតំបន់ហ្កាហ្សាស្ទ្រីប មនុស្សរាប់សិបនាក់ត្រូវបានសម្លាប់ និងជិត ១០០នាក់ផ្សេងទៀតបានរងរបួស នៅពេលដែលការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានត្រូវចំវិហារអ៊ីស្លាម និងសាលារៀនមួយកន្លែងសម្រាប់ជនភៀសខ្លួនកាលពីថ្ងៃអាទិត្យ នេះបើយោងតាមការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលហាម៉ាសដែលគ្រប់គ្រងតំបន់ហ្កាហ្សា។ យោធាអ៊ីស្រាអែល និយាយថា ខ្លួនបានធ្វើការវាយប្រហារយ៉ាងជាក់លាក់លើពួកភេរវករហាម៉ាស៕
Leave a Reply