លោកប្រធានាធិបតីអាមេរិក Joe Biden និងលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានមានជំនួបតាមទូរស័ព្ទមួយកាលពីថ្ងៃពុធ៩ខែតុលា ស្របពេលមានភាពតានតឹងជាមួយអ៊ីរ៉ង់ ខណៈរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោកYoav Gallant បានសន្យាថាការវាយប្រហាររបស់អ៊ីស្រាអែលលើអ៊ីរ៉ង់នឹងមានសភាពធ្ងន់ធ្ងរ ជាក់លាក់ និងគួរឱ្យភ្ញាក់ផ្អើល ។
ក្នុងជំនួបតាមទូរស័ព្ទរយៈពេល ៣០ នាទីគឺជាការពិភាក្សាដំបូងសម្រាប់លោក Biden និង លោកNetanyahu ចាប់តាំងពីខែសីហា និងស្របពេលការកើនឡើងយ៉ាងខ្លាំងនៃជម្លោះរបស់អ៊ីស្រាអែលជាមួយអ៊ីរ៉ង់ និងក្រុមហេសបូឡានៅលីបង់គាំទ្រដោយអ៊ីរ៉ង់ ប៉ុន្តែពុំមានសញ្ញានៃបទឈប់បាញ់ដែលនឹងបញ្ចប់ជម្លោះជាមួយក្រុមហាម៉ាសគាំទ្រដោយអ៊ីរ៉ង់ នៅដែនដីហ្កាហ្សានោះទេ។
អ្នកនាំពាក្យសេតវិមានលោកស្រី ការីន ហ្សង់ព្យែ( Karine Jean-Pierre)បានប្រាប់អ្នកសារព័ត៌មាន ខណៈទទួលស្គាល់ថាមេដឹកនាំទាំងពីរមានការខ្វែងគំនិតគ្នា និងបើកចំហរវាងមេដឹកនាំទាំង២ថា ជំនួបនេះប្រកបដោយផ្លែផ្កា និងចំគោលដៅ។
តំបន់មជ្ឈិមបូព៌ាកំពុងប្រឈមការផ្ទុះជម្លោះទ្រង់ទ្រាយធំ ខណៈកំពុងរង់ចាំការឆ្លើយតបរបស់អ៊ីស្រាអែលចំពោះការវាយប្រហារដោយមីស៊ីលកាលពីសប្តាហ៍មុន ដែលទីក្រុងតេអេរ៉ង់បានសងសឹកចំពោះការកើនឡើងខាងយោធារបស់អ៊ីស្រាអែលនៅក្នុងប្រទេសលីបង់។ ការវាយប្រហាររបស់អ៊ីរ៉ង់ពុំ បានសម្លាប់អ្នកណាម្នាក់នៅអ៊ីស្រាអែលទេ។
លោក Netanyahu បានសន្យាថា សត្រូវអ៊ីរ៉ង់ដ៏ជូរចត់នឹងសងរាល់ការវាយប្រហារដោយមីស៊ីលរបស់ខ្លួន ខណៈទីក្រុងតេអេរ៉ង់បាននិយាយថា ការសងសឹកណាមួយនឹងត្រូវសងវិញពោពេញដោយការបំផ្លិចបំផ្លាញដ៏ធំ ដែលបង្កើនក្ដីបារម្ភថាសង្គ្រាមនេះនឹងរាលដាលកាន់តែធំនៅក្នុងតំបន់ផលិតប្រេងដែលអាចទាញអាមេរិកឲ្យធ្លាក់ចូលក្នុងជម្លោះនោះដែរ៕
Leave a Reply