អង្គការសុខភាពពិភពលោក បានព្រមានកាលពីថ្ងៃពុធ ទី១៦ ខែតុលា ថា ហានិភ័យនៃការរាលដាលជំងឺអាសន្នរោគនៅក្នុងប្រទេសលីបង់ គឺ «ខ្ពស់ខ្លាំង» បន្ទាប់ពីករណីនៃការឆ្លងជំងឺអាសន្នរោគធ្ងន់ធ្ងរ អាចបណ្តាលឱ្យស្លាប់ ត្រូវបានរកឃើញនៅក្នុងប្រទេសដែលមានជម្លោះមួយនេះ។
អង្គការសុខភាពពិភពលោក បានគូសបញ្ជាក់ពីហានិភ័យនៃការរាលដាលជំងឺអាសន្នរោគក្នុងចំណោមមនុស្សរាប់សែននាក់ ដែលបានភៀសខ្លួន ចាប់តាំងពីអ៊ីស្រាអែលបានបង្កើនយុទ្ធនាការតាមអាកាសប្រឆាំងក្រុមហេសបូឡា ហើយបានបើកការវាយលុកក្នុងគោលបំណងរុញក្រុមនេះឱ្យត្រឡប់ពីព្រំដែនភាគខាងជើងរបស់ខ្លួន ជាមួយប្រទេសលីបង់។
លោក Abdinasir Abubakar អ្នកតំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសលីបង់ បានប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មានតាមអ៊ីនធឺណិតថា «ប្រសិនបើការផ្ទុះឡើងជំងឺអាសន្នរោគ រាលដាលដល់ប្រជាជនភៀសខ្លួនថ្មី នោះវាអាចនឹងរាលដាលបានយ៉ាងឆាប់រហ័ស»។
ក្រសួងសុខាភិបាលប្រទេសលីបង់ បាននិយាយថា ករណីជំងឺអាសន្នរោគត្រូវបានបញ្ជាក់កើតឡើងលើប្រជាជនលីបង់ ដែលបានចូលទៅកាន់មន្ទីរពេទ្យ ដោយមានអាការៈរាគរូស និងខ្វះជាតិទឹក។
យោងតាមអង្គការសុខភាពពិភពលោក បានឲ្យដឹងថា ជំងឺនេះ បណ្តាលឱ្យរាគធ្ងន់ធ្ងរ ក្អួត និងរមួលសាច់ដុំ ដែលជាទូទៅកើតចេញពីការទទួលទានអាហារ ឬផឹកទឹក ដែលមានសារធាតុបំពុលដោយបាក់តេរី។
Leave a Reply