នគរបាលឃាត់ខ្លួនជនសង្ស័យ ៣នាក់ប្រើអាវុធខ្លីភ្ជង់គំរាមវាយប្លន់យកម៉ូតូ និងទូរស័ព្ទពីពលរដ្ឋ

កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ពាក៉ព័ន្ធករណីលួចមានស្ថាន​ទម្ងន់​ទោស ដោយប្រើអាវុធខ្លីភ្ជង់គំរាមវាយប្លន់យកម៉ូតូ និងទូរស័ព្ទពីប្រជាពលរដ្ឋ ។

នគរបាលប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោងប្រហែលជាង ០២ រំលង​អធ្រាត្រ នៅចំណុចមុខផ្ទះលេខ ៤៥Eo ផ្លូវលេខ១៤៦ ក្រុមទី២៦B ភូមិ០៧ សង្កាត់ផ្សា​រ​ដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានករណីលួចមានស្ថានទម្ងន់ទោស ដោយប្រើ​អាវុធខ្លី​ភ្ជង់គំរាមវាយប្លន់យកម៉ូតូ និងទូរស័ព្ទពីប្រជាពលរដ្ឋ ដែលបង្កឡើងដោយជនសង្ស័យចំនួន ០៣នាក់ ។

នគរបាលបន្ថែមថា ក្រុមជនសង្ស័យបានធ្វើសកម្មភាពយកអាវុធខ្លី ០១ដើម ភ្ជង់គំរាម​ជន​រង​គ្រោះប្រុស ស្រី ២នាក់ ដែលកំពុងឈប់ម៉ូតូនៅតាមផ្លូវ ដោយជនសង្ស័យបានយកស្នាប់កាំភ្លើង វាយក្បាលជនរងគ្រោះ ០១ស្នាប់កាំភ្លើង បណ្តាលឲ្យបែកក្បាលហូរឈាម រួចប្លន់យកម៉ូតូ ០១គ្រឿង ម៉ាក SCOOPY ពណ៌ស ស៊េរីឆ្នាំ២០២២ ផ្លាកលេខ ភ្នំពេញ 1JM-0485 និងទូរស័ព្ទដៃ ០២គ្រឿង ។

ក្រោយកើតហេតុកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយ​កម្លាំង​អធិការដ្ឋាននគរបាលខណ្ឌទាំង១៤ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូត​ដល់ថ្ងៃ​ទី១៤ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១៥ រសៀល ទើបកម្លាំងឃាត់ខ្លួនជនសង្ស័យ​ទាំង៣នាក់​បានជាបន្តបន្ទាប់។

នគរបាលបន្ថែមថា ជនសង្ស័យទាំង៣នាក់មាន ១-ឈ្មោះ ហេង ដារ៉ុង ហៅ ខ្មៅណាហ្គា ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ ២-ឈ្មោះ អេង វណ្ណូត ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិត្រាំដោត សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ និងទី៣-ឈ្មោះ យ៉ឹម សុវណ្ណ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំពោះករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់កំពុងបន្តនីតិវិធីតាមផ្លូវច្បាប់៕ តារាវុទ្ធី