រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សើហ្កេ ឡាវរ៉ូវ (Sergei Lavrov) រិះគន់សេចក្តីថ្លែងការណ៍ថ្មីៗរបស់រដ្ឋបាលលោកប្រធានាធិបតីអាមេរិក Joe Biden ដែលថាទីក្រុងវ៉ាស៊ីនតោន ត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចចរចានុយក្លេអ៊ែរដោយគ្មានលក្ខខណ្ឌជាមុនជាមួយរុស្ស៊ី ចិន និងកូរ៉េខាងជើង គឺជា “រឿងបោកបញ្ឆោត” ប៉ុណ្ណោះ។
លោក Lavrov បានប្រាប់សារព័ត៌មាន Argumenty I Fakty នៅក្នុងសុន្ទរកថាដែលបានចេញផ្សាយនៅព្រឹកថ្ងៃចន្ទ (២១ តុលា) នេះថា “ការអំពាវនាវឱ្យនិយាយអំពីស្ថិរភាពយុទ្ធសាស្ត្រ លើការគ្រប់គ្រងអាវុធនុយក្លេអ៊ែរដោយគ្មានលក្ខខណ្ឌជាមុននោះគឺជាការបោកប្រាស់សុទ្ធសាធ”។
នៅក្នុងលិខិតមួយទៅកាន់អង្គការជប៉ុន នីហុន ហ៊ីដានក្យូ (Nihon Hidankyo) ដែលបានទទួលរង្វាន់ណូបែលសន្តិភាពឆ្នាំនេះ សេតវិមានបាននិយាយថា ខ្លួនបានត្រៀមរួចជាស្រេចក្នុងកិច្ចពិភាក្សាជាមួយរុស្ស៊ី ចិន និងកូរ៉េខាងជើងដោយគ្មានលក្ខខណ្ឌជាមុន ដើម្បីកាត់បន្ថយការគំរាមកំហែងនុយក្លេអ៊ែរ។
លោក Lavrov បាននិយាយថា សេចក្តីថ្លែងការណ៍នេះមានន័យថា ទីក្រុងវ៉ាស៊ីនតោន រក្សាសិទ្ធិក្នុងការប្រកាសជាផ្លូវការថា គោលដៅរបស់ខ្លួនគឺធ្វើឱ្យមាន “ការបរាជ័យជាយុទ្ធសាស្ត្រ” លើរុស្ស៊ី នៅលើសមរភូមិ។
គួរបញ្ជាក់ថា ប្រតិបត្តិការយោធារុស្ស៊ី លើអ៊ុយក្រែន ក្នុងឆ្នាំ២០២២ និងសង្រ្គាមដែលកំពុងបន្តនៅទីនោះ បានបង្កឱ្យមានការប្រឈមមុខគ្នាដ៏ធំបំផុតរវាងទីក្រុងមូស្គូ និង លោកខាងលិចចាប់តាំងពីវិបត្តិមីស៊ីលគុយបាឆ្នាំ១៩៦២មក នៅពេលដែលសហភាពសូវៀត និងសហរដ្ឋអាមេរិកបានខិតជិតសង្រ្គាមនុយក្លេអ៊ែរ៕
Leave a Reply