សហរដ្ឋអាមេរិកបង្ហាញច្បាប់ថ្មី ដើម្បីទប់ស្កាត់ចិន រុស្ស៊ី និងអ៊ីរ៉ង់ កុំឲ្យចូលប្រើទិន្នន័យអាមេរិកបានច្រើន

សហរដ្ឋអាមេរិកបង្ហាញច្បាប់ថ្មី ដើម្បីទប់ស្កាត់ចិន រុស្ស៊ី និងអ៊ីរ៉ង់កុំឲ្យចូលប្រើទិន្នន័យអាមេរិកបានច្រើន
ក្រសួងយុត្តិធម៌អាមេរិក កាលពីថ្ងៃចន្ទ (ទី២២ ខែតុលា) បានស្នើនូវច្បាប់ថ្មី ដើម្បីការពារទិន្នន័យរបស់រដ្ឋាភិបាលសហព័ន្ធ ឬទិន្នន័យផ្ទាល់ខ្លួនភាគច្រើនរបស់ជនជាតិអាមេរិក កុំឲ្យធ្លាក់ចូលទៅក្នុងដៃនៃប្រទេសផ្សេងៗ ដូចជាចិន អ៊ីរ៉ង់ និងរុស្ស៊ីជាដើម ដោយដាក់ការរឹតបន្តឹងថ្មីលើប្រតិបត្តិការអាជីវកម្មមួយចំនួន។
សំណើដែលត្រូវបានឃើញជាមុន ក្នុងខែមីនា អនុវត្តក្រឹត្យដែលចេញនៅដើមឆ្នាំនេះដោយប្រធានាធិបតី លោក Joe Biden ដែលមានគោលបំណងទប់ស្កាត់សត្រូវបរទេសកុំឲ្យប្រើប្រាស់ទិន្នន័យហិរញ្ញវត្ថុ និងពន្ធុវិទ្យា ហើយនិងទិន្នន័យសុខភាពរបស់អាមេរិក ដើម្បីធ្វើការវាយប្រហារតាមអ៊ីនធឺណិត ចារកម្ម និងជំរិត។
ក្រៅពីប្រទេសចិន រុស្ស៊ី និងអ៊ីរ៉ង់ ច្បាប់នេះក៏នឹងអនុវត្តផងដែរ ចំពោះប្រទេសវេណេហ្ស៊ុយអេឡា គុយបា និងកូរ៉េខាងជើង។
គួរបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនបានព្យាយាមរារាំងលំហូរទិន្នន័យផ្ទាល់ខ្លួនរបស់អាមេរិកកុំឲ្យធ្លាក់ចូលទៅក្នុងដៃប្រទេសចិន ដែលជាផ្នែកមួយនៃការប្រឹងប្រែងទប់ទល់អស់រយៈពេលជាច្រើនឆ្នាំលើផ្នែកពាណិជ្ជកម្ម និងបច្ចេកវិទ្យា៕