[UPDATE] ព្យុះត្រូពិច Trami វាយប្រហារលើខេត្តភាគខាងជើងហ្វីលីពីន សម្លាប់មនុស្ស ១៤នាក់

ព្យុះត្រូពិច ត្រាមី (Trami) បានបោកបក់ដល់ដីនៅផ្នែកភាគឦសាននៃកោះភាគខាងជើង លូហ្សូន (Luzon) ដ៏សំខាន់របស់ប្រទេសហ្វីលីពីន នៅព្រឹកថ្ងៃព្រហស្បតិ៍ (២៤ តុលា) នេះ ដោយបង្ខំឱ្យសាលារៀន និងការិយាល័យរដ្ឋាភិបាលត្រូវបិទរយៈពេលពីរថ្ងៃជាប់គ្នា ខណៈភ្នាក់ងារគ្រោះមហន្តរាយបានទប់ទល់នឹងភ្លៀង និងទឹកជំនន់បន្ថែមទៀត ហើយមនុស្សយ៉ាងតិច ១៤នាក់បានស្លាប់។

ទីភ្នាក់ងារអាកាសធាតុរដ្ឋ បាននិយាយនៅក្នុងព្រឹត្តិបត្រអាកាសធាតុម៉ោង ៨ព្រឹក (ម៉ោងក្នុងស្រុក) ថា ព្យុះ Trami ដែលមានល្បឿនខ្យល់បក់អតិបរមា ៩៥គីឡូម៉ែត្រក្នុងមួយម៉ោង និងខ្យល់កន្រ្តាក់រហូតដល់ ១៦០គីឡូម៉ែត្រក្នុងមួយម៉ោង កំពុងធ្វើដំណើរឆ្ពោះទៅទិសខាងលិចឆ្លងកាត់ខេត្ត អ៊ីសាបេឡា (Isabela) ឆ្ពោះទៅសមុទ្រចិនខាងត្បូង។

ទីភ្នាក់ងារអាកាសធាតុបានព្រមានពីភ្លៀងធ្លាក់យ៉ាងខ្លាំង ទឹកជំនន់ បំណាក់ដី និងរលកសមុទ្រធំៗសម្រាប់ខេត្តភាគខាងជើងមួយចំនួន។ ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃពុធថា ព្យុះដែលត្រូវបានគេហៅក្នុងស្រុកថា គ្រីស្ទីន (Kristine) នេះបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៤នាក់រួចមកហើយ ក្នុងពេលធ្វើដំណើរបោកបក់ទៅកាន់ប្រទេសហ្វីលីពីន ដោយអ្នកស្លាប់ ១២នាក់នៅកណ្តាលទីក្រុង ណាហ្កា (Naga)។

អ្នកស្រុករាប់ពាន់នាក់បានភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេនៅតំបន់ ប៊ីខូល (Bicol) ភាគកណ្តាល ខណៈទឹកជំនន់បានឡើងដល់កម្រិតខ្ពស់រហូតដល់ដំបូលផ្ទះបឹងហ្គាឡូ។ ហ្វីលីពីន ជាធម្មតាកត់ត្រាជាមធ្យមនូវព្យុះត្រូពិចចំនួន២០ ក្នុងមួយឆ្នាំ ហើយជារឿយៗបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំង ខ្យល់កន្រ្តាក់ និងបំណាក់ដី ដែលបង្កការបំផ្លិចបំផ្លាញជាច្រើន៕