ជម្លោះស៊ូដង់ធ្វើឱ្យប្រព័ន្ធសុខភាពដុនដាបខ្លាំង គំរាមកំហែងដល់ស្ត្រីមានផ្ទៃពោះ
ជម្លោះក្នុងប្រទេសស៊ូដង់បានធ្វើឱ្យប្រព័ន្ធសុខាភិបាលរបស់ប្រទេសនេះជាប់គាំង ដោយស្ត្រីមានផ្ទៃពោះ និងបំបៅដោះកូន ត្រូវប្រឈមនឹងការគំរាមកំហែងសុខភាពដ៏ធ្ងន់ធ្ងរបំផុត។
ជាក់ស្ដែងដូចជា នាង Huda Dawood វ័យ២៥ ឆ្នាំមានផ្ទៃពោះ ៩ ខែ។ នាងបានភៀសខ្លួនចេញពីតំបន់ Sinja ក្នុងប្រទេសស៊ូដង់ភាគកណ្តាលទៅកាន់ទីក្រុងកំពង់ផែ ព័រស៊ូដង់ (Port Sudan) កាលពីពីរខែមុន ដើម្បីទទួលបានការថែទាំសុខភាព និងធានាការសម្រាលកូនប្រកបដោយសុវត្ថិភាព។
នាងបាននិយាយថា ក្នុងនាមជាស្ត្រីមានផ្ទៃពោះ សុវត្ថិភាព និងការថែទាំសុខភាពគឺជាអាទិភាព។ ស្ត្រីមានផ្ទៃពោះក៏ត្រូវការអាហារូបត្ថម្ភល្អផងដែរសម្រាប់ខ្លួននាង និងទារក នេះជាមូលហេតុដែលនាងបានចាកចេញនៅពេលកងកម្លាំង RSF កាន់កាប់តំបន់ Sinja ហើយឆ្លងកាត់ផ្លូវវែងឆ្ងាយដើម្បីមកកាន់ទីក្រុងកំពុងផែនេះ។ទោះបីនៅទីនេះមិនល្អ ប៉ុន្តែប្រសើរជាងតំបន់ជម្លោះដែលយើងមិនមានមន្ទីរពេទ្យប្រតិបត្តិការណាមួយដែរ ។
Dawood គឺជាស្រ្តីម្នាក់ក្នុងចំណោមស្ត្រីស៊ូដង់រាប់សែននាក់ដែលប្រឈមនឹងការពិតដ៏អាក្រក់នៃសង្រ្គាម។
យោងតាមអង្គការសហប្រជាជាតិ ស្ត្រីមានផ្ទៃពោះ និងបំបៅដោះកូនជាង ១,២ លាននាក់ ខ្វះការថែទាំសុខភាព ប្រឈមនឹងជីវភាពក្រីក្រ និងកង្វះអាហារូបត្ថម្ភ បង្កគ្រោះថ្នាក់ដល់អាយុជីវិត និងកូនរបស់ពួកគេ។
ផ្លូវដែលគ្មានសុវត្ថិភាព មានភាពស្មុគស្មាញក្នុងការចូលទៅកាន់កន្លែងថែទាំសុខភាព ដោយបង្ខំឱ្យស្ត្រីស៊ូដង់ជាច្រើនងាកទៅរកការសម្រាលកូននៅផ្ទះ និងឆ្មបប្រពៃណី៕

Leave a Reply