ប្រមុខអង្គការសហប្រជាជាតិ តក់ស្លុតដោយសារកម្រិតនៃការស្លាប់ របួស និងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ នៅភាគខាងជើងហ្កាហ្សា

ប្រមុខអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយកាលពីថ្ងៃអាទិត្យ ២៧ តុលា ថា លោកមានការតក់ស្លុតណាស់ចំពោះកម្រិតនៃការស្លាប់ របួស និងការបំផ្លិចបំផ្លាញដ៏អាក្រក់ នៅដែនដីហ្កាហ្សាភាគខាងជើង ជាទីដែលកងកម្លាំងអ៊ីស្រាអែលកំពុងបើកការវាយប្រហារ។

អ្នកនាំពាក្យរបស់លោក Guterres លោក Stephane Dujarric បាននិយាយថា ស្ថានភាពជនស៊ីវិលប៉ាឡេស្ទីនដែលជាប់ខ្លួននៅក្នុងដែនដីហ្កាហ្សាភាគខាងជើង គឺមិនអាចទ្រាំទ្របានឡើយ ។

ទីភ្នាក់ងារសារព័ត៌មានផ្លូវការប៉ាឡេស្ទីន WAFA បានរាយការណ៍ថាជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់៣០នាក់ ត្រូវបានសម្លាប់កាលពីល្ងាចថ្ងៃសៅរ៍ ដោយសារការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលលើទីប្រជុំជន បេត ឡាហ៊ីយ៉ា ( Beit Lahia) ក្នុងតំបន់ហ្កាហ្សាភាគខាងជើង។

អគ្គលេខាធិការមានការតក់ស្លុតចំពោះកម្រិតនៃការស្លាប់ របួស និងការបំផ្លិចបំផ្លាញដ៏អាក្រក់នៅភាគខាងជើង ទន្ទឹមនឹងជនស៊ីវិលជាប់នៅក្រោមគំនរបាក់បែក អ្នកជំងឺ និងរបួស ពុំមានការថែទាំសុខភាពសង្គ្រោះជីវិត ហើយគ្រួសារនានាខ្វះខាតអាហារ និងទីជម្រក។

អ៊ីស្រាអែល ដែលប្តេជ្ញាបញ្ឈប់ពួកសកម្មប្រយុទ្ធហាម៉ាសមិនឲ្យមានឱកាសប្រមូលផ្តុំកម្លាំងឡើងវិញនៅភាគខាងជើងនៃទឹកដីប៉ាឡេស្ទីន បានបើកការវាយប្រហារតាមអាកាស និងថ្មើរជើងដ៏ធំកាលពីថ្ងៃទី ៦ ខែតុលាឆ្នាំនេះ។

ក្រោយមកកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍នេះ អ្នកនាំពាក្យរបស់ទីភ្នាក់ងារការពារជនស៊ីវិលហ្កាហ្សាលោក Mahmud Bassal បានរិះគន់ ការឡោមព័ទ្ធ ដែលកំពុងបន្តរបស់អ៊ីស្រាអែល នៅក្នុងតំបន់ Jabalia តំបន់ Beit Hanun និង តំបន់ Beit Lahia នៅភាគខាងជើងដែនដីហ្កាហ្សា ដោយនិយាយថាមនុស្សប្រមាណ១០០.០០០នាក់ត្រូវបានជាប់នៅទីនោះ៕