គណបក្សកាន់អំណាចរបស់ជប៉ុន បាត់បង់សំឡេងភាគច្រើនក្នុងរយៈ ពេល១៥ឆ្នាំ ជាការវាយប្រហារដ៏ធំចំពោះនាយករដ្ឋមន្ត្រីថ្មី

គណបក្សកាន់អំណាចរបស់ជប៉ុន បាត់បង់សំឡេងភាគច្រើនក្នុងរយៈពេល១៥ឆ្នាំ ជាការវាយប្រហារដ៏ធំចំពោះនាយករដ្ឋមន្ត្រីថ្មី
គណបក្សកាន់អំណាចដ៏យូររបស់ប្រទេសជប៉ុន បានបាត់បង់សំឡេងភាគច្រើនជាលើកដំបូង ក្នុងរយៈពេល១៥ឆ្នាំ ខណៈការបោះឆ្នោតសកលកាលពីថ្ងៃអាទិត្យបានបង្កើតបញ្ហាធំដល់នាយករដ្ឋមន្ត្រីថ្មីលោក Shigeru Ishiba ស្របពេលមានកំហឹងជាសាធារណៈចំពោះបញ្ហាសេដ្ឋកិច្ច និងរឿងអាស្រូវនយោបាយជាបន្តបន្ទាប់។
យោងតាមការផ្សាយរបស់ទូរទស្សន៍ជាតិNHK គណបក្សប្រជាធិបតេយ្យសេរីLDPកំពុងកាន់អំណាច និងដៃគូសម្ព័ន្ធភាពរបស់ខ្លួន Komeito ទទួលបានអាសនៈត្រឹមតែ ២១៥ ប៉ុណ្ណោះនៃចំនួនអាសនៈ៤៦៥របស់សភាជាន់ទាបតិចជាង ២៣៣ដែលត្រូវការដើម្បីឈានដល់សំឡេងភាគច្រើន។
នេះជាលើកដំបូងចាប់តាំងពីឆ្នាំ ២០០៩ ដែលគណបក្ស LDP បានបាត់បង់សំឡេងភាគច្រើននៅក្នុងសភាជាន់ទាប។ LDP ដែលជាម៉ាស៊ីននយោបាយអភិរក្សនិយមបានគ្រប់គ្រងប្រទេសស្ទើរតែជាបន្តបន្ទាប់ចាប់តាំងពីការបង្កើតឡើងរបស់គណបក្សក្នុងឆ្នាំ១៩៥៥ ។
NHK បានរាយការណ៍ថាលោកនាយករដ្ឋមន្ត្រី Ishiba បាននិយាយថាអ្នកបោះឆ្នោតបានប្រគល់ ការវិនិច្ឆ័យយ៉ាងធ្ងន់ធ្ងរដល់គណបក្សរបស់លោក។ នៅមុនការបោះឆ្នោតបក្សLDP និងដៃគូក្មេងខ្ចីរបស់ខ្លួនគឺគណបក្ស Komeito មានអាសនៈភាគច្រើនថេរ២៧៩ ខណៈLDP តែម្នាក់ឯងមាន២៤៧អាសនៈ។
គណបក្សប្រជាធិបតេយ្យរដ្ឋធម្មនុញ្ញជប៉ុន (CDPJ) ដែលជាគណបក្សប្រឆាំងដ៏សំខាន់ទទួលបានអាសនៈចំនួន១៤៨ ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់ពី៩៨។ មេដឹកនាំបក្ស CDPJ លោក Yoshihiko Noda បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអាទិត្យថាគោលដៅរបស់យើងគឺដើម្បីបំបែកសំឡេងភាគច្រើនរបស់គណបក្សកាន់អំណាច ហើយយើងសម្រេចបានហើយ ពោលគឺ សមិទ្ធផលដ៏អស្ចារ្យ៕