កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤នេះ សាឡាងដឹកខ្សាច់១គ្រឿង ត្រូវបានចាប់អនុវត្តពិន័យតាមនីតិវិធី ក្រោយជនសង្ស័យមិនរៀងចាល ដោយបានលួចចូលបូមខកសាច់ដឹកចេញបន្តទៀតនៅចំណុចស្ទឹងបរិបូណ៌ ស្ថិតក្នុងភូមិដំបូកក្រហម ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
លោក អេង ថេង ប្រធានការិយាល័យរ៉ែ នៃមន្ទីររ៉ែ និងថាមពល បានអោយដឹងថា៖ នៅព្រឹកថ្ងៃទី២៨ ខែតុលានេះ សាឡាងដឹកខ្សាច់ខុសច្បាប់១គ្រឿង ជារបស់ឈ្មោះ យ៉ាត រស់នៅភូមិកោះកែវ ឃុំក្រាំងដីមាស ស្រុករលាប្អៀរ បានលួចចូលទៅដឹកខ្សាច់ម្តងទៀតនៅចំណុចខាងលើ មិនគោរពទៅតាមច្បាប់ដែលខាងមន្ទីររ៉ែ និងថាមពលបានប្រាប់គាត់កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នោះឡើយ ។ ម្លោះហើយក្រុមការងារនៃមន្ទីររ៉ែ និងថាមពល គឺត្រូវអនុវត្តច្បាប់ គឺការផាកពិន័យ ដើម្បីអោយគាត់រៀងចាលម្តង ព្រោះសាឡាង១គ្រឿងនេះ បានលួចចូលទៅដឹកខ្សាច់ខុសច្បាប់កាលពីថ្ងៃទី២៣ ខែតុលាម្តងរួចមកហើយ។
លោក ពៅ ស៊ីម ប្រធានមន្ទីររ៉ែ និងថាមពល បានអោយដឹងថា៖ នៅព្រឹកនេះ លោកបានបញ្ជាអោយមន្ត្រីរបស់លោក ចុះទៅទីតាំងដែលសាឡាងបូមខ្សាច់ខុសច្បាប់នេះ កំពុងធ្វើសកម្មភាព និងបានឃាត់សាឡាង១គ្រឿង ម៉ាស៊ីនបូមខ្សាច់ សម្ភារៈមួយចំនួន និងជនសង្ស័យជាម្ចាស់សាឡាង៣នាក់។ ក្រោយពីឃាត់រួចក្រុមការងាររបស់លោក បានយកសាឡាងល្មើសច្បាប់ និងជនសង្ស័យមកប៉ុស្តិនគរបាលរដ្ឋបាលកំពង់ព្រះគគីរ និងបានពិន័យ១ថ្ងៃ១លាន៥សែនរៀល ទៅតាមច្បាប់កំណត់។ ជនសង្ស័យបានធ្វើរយៈពេល៣ថ្ងៃមកហើយ ដូចនេះក្រុមការងារត្រូវពិន័យសរុបចំនួន៤លាន៥សែនរៀល ទើបលែងទៅវិញ។ ប្រសិនបើមិនបង់តាមការពិន័យក្នុងរយៈពេល៤៨ម៉ោងនោះទេ នោះមន្ទីររ៉ែ និងថាមពល ត្រូវកសាងសំណុំរឿងបញ្ជូនទៅអយ្យាការអមសាលាដំបូងខេត្តតែម្តង ដើម្បីចំណាត់ការតាមច្បាប់។
សូមបញ្ជាក់ថា៖ សាឡាងដឹកខ្សាច់ខុសច្បាប់ដែលកំពុងបូមខ្សាច់យកទៅលក់នៅចំណុចភូមិដំបូកក្រហម ឃុំផ្សារ ស្រុកបរិបូណ៌នោះ មានចំនួន៣សាឡាង ហើយត្រូវបានមន្ទិររ៉ែ និងថាមពល ណែនាំមិនអោយចូលមកធ្វើសកម្មភាពល្មើសនៅទីនោះទៀតឡើយ។ តែប៉ុន្មានថ្ងៃមកនេះ មានសាឡាង១គ្រឿងបានល្មើសនឹងបំរាម ក៏ត្រូវកម្លាំងនៃមន្ទីររ៉ែ និងសមត្ថកិច្ចចាប់ឃាត់បានតែម្តង ៕ កាំង ហុងវាស្នា
Leave a Reply