អ៊ុយក្រែនប្រយុទ្ធដើម្បីបង្កើតជំហរសម្រាប់ការចរចាសង្រ្គាមណាមួយ បន្ទាប់ពីការវិលត្រឡប់ជាថ្មីរបស់លោកTrump

ខណៈការឈ្នះឆ្នោតរបស់លោក Donald Trump នាំមកនូវការរំពឹងទុកនៃកិច្ចចរចាដើម្បីបញ្ចប់សង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែនកាន់តែខិតជិត ទីក្រុង Kyiv កំពុងតស៊ូដើម្បីដាក់ខ្លួនឯងនៅក្នុងទីតាំងដ៏រឹងមាំបំផុតសម្រាប់ការចរចាណាមួយ រួមទាំងការធានាបានអាវុធបន្ថែមទៀត និងព្យាយាមទប់ទល់នៅលើសមរភូមិ។

មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនម្នាក់បាននិយាយថា រយៈពេល ៤ ទៅ ៥ ខែខាងមុខនឹងក្លាយជាចំណុចសំខាន់ ដែលបង្ហាញឱ្យឃើញពីរបៀបដែលការវិលត្រឡប់របស់លោក Trump ទៅកាន់សេតវិមានកំពុងផ្តោតការយកចិត្តទុកដាក់ក្នុងទីក្រុង Kyiv លើលទ្ធភាពដែលអាចបញ្ចប់ហ្គេមក្នុងសង្គ្រាមនេះ។

លោក Trump ដែលនឹងស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកនៅថ្ងៃទី ២០ ខែមករា បាននិយាយថា លោកនឹងបញ្ចប់សង្គ្រាមឱ្យបានឆាប់រហ័ស ប៉ុន្តែពុំទាន់បាននិយាយពីវិធីសាស្ត្ររបស់លោកនោះទេ។

មន្ត្រីរូបនេះបានប្រាប់សារព័ត៌មាន Reuters ដោយសុំមិនបញ្ចេញឈ្មោះថា រដូវរងានេះគឺជាចំណុចសំខាន់ ខ្ញុំសង្ឃឹមថាសង្រ្គាមនឹងឈានដល់ទីបញ្ចប់។ ពេលនេះយើងនឹងបញ្ជាក់ពីជំហរសម្រាប់ភាគីទាំង២លើការចរចា ដោយការចាប់ផ្ដើមជំហរនានា។

ក្រុមមន្ត្រីកំពុងរង់ចាំមើលថាតើលោក Trump ជ្រើសរើសអ្នកណាសម្រាប់ការងារសន្តិសុខ និងការពារជាតិកំពូលរបស់លោក សម្រាប់តម្រុយអំពីរបៀបដែលលោកនឹងរៀបចំគោលនយោបាយអ៊ុយក្រែន។

ប្រទេសរុស្ស៊ីកំពុងវាយរុលទៅមុខក្នុងល្បឿនដ៏លឿនបំផុតរបស់ខ្លួនចាប់តាំងពីឆ្នាំ ២០២២ ទោះបីជាមានការខាតបង់យ៉ាងធ្ងន់ធ្ងរក៏ដោយ ហើយអ៊ុយក្រែនបាននិយាយកាលពីសប្តាហ៍មុនថាខ្លួនបានប៉ះទង្គិចជាមួយទាហានកូរ៉េខាងជើងប្រមាណ១១.០០០នាក់ដែលបានដាក់ពង្រាយទៅកាន់តំបន់ឃើស ( Kursk) របស់ប្រទេសរុស្ស៊ី៕