បង់ក្លាដេស្ហ៖ ក្រុមអំបូររ៉ូហ៊ីងយ៉ាជាតិមីយ៉ាន់ម៉ាដែលរត់ភៀសខ្លួនដោយសារតែអំពើហិង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលកំពុងតែរស់នៅតាមជំរុំជនភៀសខ្លួននៅតាមបណ្តោយព្រំដែនបង់ក្លាដេស្ហបានបង្ហាញក្តីសប្បាយរីករាយចំពោះដំណឹងដែលទទួលបានថា តុលាការឧក្រិដ្ឋកម្មអន្តរជាតិក្រុងឡាអេ បានចេញដីកាស្វែងរកការចាប់ខ្លួនមេដឹកនំារបបសឹកមីយ៉ាន់ម៉ា លោក មីង អ៊ុងឡំាងកាលពីថ្ងៃពុធ បានធ្វើឱ្យពួកគេប្រារព្ធនូវទិវាអបអរសាទរទៅវិញនៅតាមជំរុំនានាដែលខ្លួនកំពុងតែស្នាក់នៅ។
មេដឹកនំាសង្គមស៊ីវិលមួយរូបនៃក្រុមអំបូររ៉ូហ៊ីងយ៉ា ឈ្មោះ សាយ៉ូដ អាឡាម(Sayod Alam)រស់នៅជំរុំមួយស្ថិតនៅតាមបណ្តោយព្រំដែនក្នុងប្រទេសបង់ក្លាដេស្ហ បានរៀបរាប់យ៉ាងខ្លីថា យើងសប្បាយរីករាយដោយសារតែលឺដំណឹងថា អាយស៊ីស៊ី(ICC)ចេញដីកាចាប់ខ្លួនលោកមីងអ៊ុងឡំាង ជាមេដឹកនំាយោធាប្រទេសមីយ៉ាន់ម៉ា។ លោកបានបន្តថា វាជោគជ័យមួយផ្នែករបស់ពួកយើងដែរ។
ទីភ្នាក់ងារសារព័ត៌មានបារំាងអាអេហ្វប៉េ(AFP) បានរាយការណ៍ឱ្យដឹងបន្ថែមទៀតនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា មានក្រុមអំបូរភាគតិចរ៉ូហ៊ីងយ៉ាជាង១លាននាក់ ជាអ្នកគ្មានសញ្ជាតិ ហើយត្រូវគេធ្វើទុក្ខបុកម្នេញដោយហេតុថាពួកគេជាជនម៉ូស្លីម បានភៀសខ្លួនមករស់នៅតាមជំរុំយ៉ាងលំបាកនៅក្នុងតំបន់ខូហ្ស បាហ្សារ៍(Cox’s Bazar)នៅក្នុងទឹកដីបង់ក្លាដេស្ហ ដើម្បីគេចចេញពីការសម្លាប់របស់ក្រុមរបបសឹកនៅក្នុងប្រទេសកំណើតរបស់ខ្លួន។
ពាក់ព័ន្ធនឹងដីកាចាប់ខ្លួនពីសំណាក់តុលាការឧក្រិដ្ឋកម្មអន្តរជាតិលើលោកមីងអ៊ុងឡំាងនោះវិញ ទីភ្នាក់ងារសារព័ត៌មានដដែលបានគូសបញ្ជាក់ថា លោកមីងអ៊ុងឡំាង គឺជាប្រមុខយោធាមីយ៉ាន់ម៉ាកាលពីឆ្នំា២០១៧ ខណៈពេលនេះ លោកបានក្លាយទៅជាកម្មវត្ថុនៃការស៊ើបអង្កេតពីបទប្រល័យពូជសាសន៍ពីសំណាក់តុលាការសហប្រជាជាតិ។
ចំណែកឯ ប្រមុខរដ្ឋអាជ្ញាស៊ើបអង្កេតរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិឬហៅកាត់ថា(ICC) លោក ការីម ខាន់(Karim Khan) បានដាក់ពាក្យស្នើសុំដល់គណៈចៅក្រមដែលមានមូលដ្ឋាននៅតុលាការក្រុងឡាអេ ដើម្បីឱ្យចេញនូវដីកាចាប់ខ្លួនលោក មីងអ៊ុងឡំាងក្រោមបទចោទប្រឆំាងទៅនឹងមនុស្សជាតិ ដែលបានប្រព្រឹត្តិធ្ងន់ធ្ងរទៅលើអំបូរភាគតិចម៉ូស្លីមរ៉ូហ៊ីងយ៉ា។
ស្ថិតនៅក្នុងស្ថានភាពនេះដែរ គណៈចៅក្រមរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិអាចសម្រេចថាតើត្រូវតែចេញដីកាចាប់ខ្លួនឬយ៉ាងណា? ប្រសិនបើមានការចេញមែននាពេលនេះ រដ្ឋជាសមាជិកប្រមាណជា ១២៤ប្រជាជាតិនៃតុលាការនេះអាចនឹងមានកាតព្វកិច្ចអនុវត្តន៍ចាប់ខ្លួនលោកមីងអ៊ុងឡំាង នៅពេលដែលរូបលោកធ្វើដំណើរចេញក្រៅប្រទេស។
ដោយឡែកក្រុមជនភៀសខ្លួនអំបូររ៉ូហ៊ីងយ៉ាដែលកំពុងតែរស់នៅតាមបណ្តោយព្រំដែនប្រទេសបង់ក្លាដេស្ហជាប់នឹងប្រទេសមីយ៉ាន់ម៉ានោះ នៅតែទទូចចង់វិលត្រឡប់មកកាន់ស្រុកកំណើតរបស់ពួកគេវិញ ដោយគេបានលើកឡើងប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិថា សហគមន៍អន្តរជាតិគួរតែជួយជំរុញឱ្យពួកគេអាចវិលត្រឡប់មកវិញប្រកបដោយសុខក្សេមក្សាន្ត ។ ពួកគេបានបង្ហាញជាទស្សនៈថា គ្មានអ្វីដែលប្រសើរជាងប្រទេសកំណើតនោះឡើយ៕
ប្រែសម្រួលសង្ខេប៖ ប្រាក់ សម្ជស្ស
ប្រភព៖ AFP
Leave a Reply