បទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធលីបង់ ហេសបូឡា ត្រូវបានធ្វើឡើងកាលពីថ្ងៃពុធ២៧ វិច្ឆិកាសប្ដាហ៍នេះ ក្រោមកិច្ចព្រមព្រៀងសម្របសម្រួលដោយសហរដ្ឋអាមេរិក និងបារាំង ខណៈ ប្រជាជននៃប្រទេសទាំងពីរចាប់ផ្តើមត្រឡប់ទៅផ្ទះសម្បែងរបស់ខ្លួនវិញនៅតាមតំបន់ព្រំដែន ដែលត្រូវបានបំផ្លិចបំផ្លាញដោយការប្រយុទ្ធគ្នារយៈពេល ១៤ ខែកន្លងមកនេះ។
រថយន្ត តូចធំ ដឹកពូក វ៉ាលី និងគ្រឿងសង្ហារិម សំពីងសំពោងបានសម្រុកចូលទៅកាន់ទីក្រុងកំពង់ផែ Tire ភាគខាងត្បូងរបស់ប្រទេសលីបង់ ដែលត្រូវបានរងការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរ រួមទាំងមនុស្សជាច្រើនក្នុងចំណោមប្រហែល ១,៤ លាននាក់ ដែលត្រូវបានគេជឿថាត្រូវបានរត់គេចចេញពីជម្លោះ។ក្រោយការវិលត្រឡប់ ប្រជាពលរដ្ឋមួយចំនួន បានចាប់ផ្ដើមបោសសម្អាតកម្ទេចថ្មនៅតាមផ្ទះរបស់ពួកគេជាបណ្ដើរៗ។
បន្ទាប់ពីការភៀសខ្លួនជាច្រើនសប្តាហ៍ដោយសារជម្លោះ គ្រួសារមកពីទីក្រុង Tire នៅភាគខាងត្បូងប្រទេសលីបង់ បានត្រឡប់ទៅផ្ទះសម្បែងដែលរងការខូចខាតរបស់ពួកគេវិញកាលពីថ្ងៃពុធ ២៧ វិច្ឆិកាបន្ទាប់ពីកិច្ចព្រមព្រៀងឈប់បាញ់គ្នារវាងក្រុមហេសបូឡា និងអ៊ីស្រាអែល បានចាប់ផ្ដើម។
ជនភៀសខ្លួនលីបង់ក្នុងប្រទេសស៊ីរី បានត្រៀមវិលត្រឡប់ទៅកាន់ប្រទេសកំណើតពួកគេវិញបន្ទាប់ពីបទឈប់បាញ់ ខណៈប្រជាពលរដ្ឋអ៊ីស្រាអែល ក៏បានសម្រុកទៅកាន់ទីជម្រកដែលរងការខូចខាតរបស់ពួកគេនៅតាមព្រំដែន លីបង់ -អ៊ីស្រាអែល វិញដែរ ។
បទឈប់បាញ់នេះមានគោលបំណងបញ្ចប់ជម្លោះនៅទូទាំងព្រំដែនអ៊ីស្រាអែល-លីបង់ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់៣.៧៦៨នាក់នៅក្នុងប្រទេសលីបង់ ចាប់តាំងពីត្រូវបានបញ្ឆេះដោយសង្រ្គាមហ្កាហ្សាកាលពីឆ្នាំមុន នេះបើយោងតាមក្រសួងសុខាភិបាលលីបង់៕
Leave a Reply