Macron, Trump, Zelensky ជួបគ្នានៅទីក្រុងប៉ារីស

បរទេស៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃសៅរ៍ បានធ្វើជាភាគីម្ចាស់ផ្ទះ រៀបចំកិច្ចពិភាក្សាត្រីភាគី ជាមួយសមភាគីអ៊ុយក្រែន លោក Volodymyr Zelensky និង ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump នៅទីក្រុងប៉ារីស។

ពួកលោកបានជួបគ្នា នៅខាងក្នុងវិមាន ​Elysee​ មុនពេលមានពិធីបើកឡើងវិញ សម្រាប់វិហារ Notre Dame។ លោក Zelensky និយាយថា «កិច្ចប្រជុំ ជាមួយ លោក Trump និងលោក Macron មានលទ្ធផលល្អ និងប្រកបដោយផលិតភាព»។

តាមរយៈបណ្តាញសង្គម ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា មេដឹកនាំទាំងពីររូប ចង់ឱ្យសង្រ្គាមជាមួយរុស្ស៊ី បញ្ចប់ «យ៉ាងឆាប់រហ័ស» និង «ដោយយុត្តិធម៌» ។

លោក Zelensky ថា លោកបានអរគុណលោក Macron សម្រាប់ការរៀបចំកិច្ចប្រជុំនេះ ហើយបាននិយាយថា «លោកប្រធានាធិបតី Trump តែងតែមានការតាំងចិត្ត ខ្ញុំអរគុណគាត់»។ លោក Zelensky បាននិយាយទៀតថា ពួកលោកទាំងបីបានយល់ព្រម បន្តធ្វើការជាមួយគ្នា និង រក្សាទំនាក់ទំនង។

យ៉ាងណាមិញ ពុំមានការបង្ហាញលទ្ធផលនៃជំនួបត្រីភាគីនេះ ពីសំណាក់មេដឹកនាំបារាំង និង លោក Trump នៅឡើយទេ គិតត្រឹមយប់ថ្ងៃសៅរ៍៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត