ប្រជាជនស៊ីរី រាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅទីក្រុងប៊ែរឡាំង និងទីក្រុងនានានៅទូទាំងទ្វីបអឺរ៉ុប កាលពីថ្ងៃអាទិត្យ (០៨ ធ្នូ) ដោយគ្រវីទង់ជាតិ ហើយសម្ដែងក្តីរីករាយរបស់ពួកគេចំពោះការដួលរលំរបស់ប្រធានាធិបតីស៊ីរីលោក បាស្ហា អាល់-អាសាដ (Bashar al-Assad)។
មនុស្សម្នាស្រែកថា “ទីបំផុតពួកយើងមានសេរីភាពហើយ!” ក្នុងចំណោមហ្វូងមនុស្ស ៥.០០០នាក់ នៅឯការប្រមូលផ្ដុំដ៏កក្រើកក្នុងរដ្ឋធានីអាល្លឺម៉ង់ ជាទីដែលប្រជាជនស៊ីរីជាង ១លាននាក់បានធ្វើឱ្យប្រទេសនេះក្លាយជាកន្លែងជនភៀសខ្លួនដ៏ធំបំផុតនៅអឺរ៉ុប។
ជាមួយគ្នានេះ ប្រជាជនស៊ីរីនៅទីក្រុងអាតែន បែលក្រាដ អ៊ីស្តង់ប៊ុល ទីក្រុងឡុងដ៍្រ ប៉ារីស ស្តុកហូម និងវីយែន ក៏បានគ្រវីទង់ជាតិពណ៌បៃតង ក្រហម ខ្មៅ និងស របស់ក្រុមបក្សប្រឆាំងនៅស៊ីរី ហើយបានបញ្ជាក់ពីអរិភាពរបស់ពួកគេចំពោះលោក អាសាដ។
នគរបាលក្រុងប៊ែរឡាំងបាននិយាយថា ប្រជាជនស៊ីរីជាង ៥ពាន់នាក់បានប្រមូលផ្តុំគ្នានៅទីលានចតុរង្គមួយក្នុងសង្កាត់ គ្រើស្បើក (Kreuzberg)។ គួររម្លឹកថា ប្រជាជនស៊ីរីភាគច្រើននៅអាល្លឺម៉ង់ បានភៀសខ្លួនចេញពីប្រទេសរបស់ពួកគេបន្ទាប់ពីសង្គ្រាមស៊ីវិលបានផ្ទុះឡើងក្នុងឆ្នាំ២០១១។ សហគមន៍ស៊ីរីដ៏ធំមួយ ឥឡូវនេះកំពុងរស់នៅក្នុងសង្កាត់ នើខូលីន (Neukoelln) នៃទីក្រុងប៊ែរឡាំង៕
Leave a Reply