សម្ដេចធិបតី៖ កម្ពុជាជាគោលដៅវិនិយោគដ៏ទាក់ទាញបំផុត នៅក្នុងតំបន់អាស៊ាន

ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតី វេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី នៅប្រទេសសិង្ហបុរី នាព្រឹកថ្ងៃទី១៩ ខែមិថុនានេះដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបញ្ជាក់ទៅកាន់បណ្ដាធុរជន និងវិនិយោគិននានានៅប្រទេសសិង្ហបុរីថា ប្រទេសកម្ពុជា បានឈររឹងមាំជាគោលដៅវិនិយោគដ៏ទាក់ទាញបំផុតនៅក្នុងតំបន់អាស៊ាន ជាមួយនឹងសន្ដិភាព និងស្ថេរភាពសដ្ឋកិច្ចសម្រាប់វិនិយោគិននានា។

 

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានប្ដេជ្ញាចិត្តក្នុងការកសាងបរិយាកាសអំណោយផលដល់ភាពជោគជ័យនៃការវិនិយោគដែលបង្កើតឡើងថ្មីលើគ្រប់វិស័យនៅកម្ពុជា។ ចំពោះការជំរុញបរិយាកាសវិនិយោគនេះ រាជរដ្ឋាភិបាលបាននឹងកំពុងនុវត្តការកែទម្រង់ស៊ីជម្រៅសម្រួលបទបញ្ញត្តិ និងនីតិវិធីក្នុងការបង្កើត​អាជីវកម្ម និងផ្ដល់ការលើកទឹកចិត្តផ្នែកពន្ធដារដល់វិនិយោគិនថ្មីថែមទៀត។

សម្ដេចធិបតីបញ្ជាក់ថា ច្បាប់ថ្មីស្ដីពីការវិនិយោគនៅកម្ពុជា បានផ្ដល់ការលើកទឹកចិត្ត និង​អនុគ្រោះផ្នែកពន្ធដាររហូតដល់ ១៥ ឆ្នាំ សម្រាប់វិស័យអាទិភាពជាច្រើន រួមជាមួយនឹងការធានា និងការការពារលើការវិនិយោគនានានៅកម្ពុជាដោយមិនមានការរើងអើងរវាងវិនិយោគិនក្នុងស្រុក និងបរទេស។

បើតាមប្រសាសន៍សម្ដេចធិបតី នាយករដ្ឋមន្រ្ដី សិង្ហបុរី បានក្លាយជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏ធំមួយរបស់កម្ពុជា ជាមួយនឹងការផ្លាស់ប្ដូរទំនិញ និងសេវាកម្មប្រកបដោយជវភាព។ ពាក់ព័ន្ធនឹងការវិនិយោគក្នុងឆ្នាំ ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC) បានអនុវត្តគម្រោង​វិនិយោគចំនួន ២៦៨ គម្រោង ក្នុងទំហំទឹកប្រាក់ជិត ៤,៩ ពាន់លានដុល្លារអាមេរិក ហើយក្នុង​រយៈពេល ៨ ខែដើមឆ្នាំ ២០២៤ CDC បានអនុម័តគម្រោងវិនិយោគសរុប ១៥៣ គម្រោង ក្នុងទំហំទឹកប្រាក់ ២,៧៥ ពាន់លានដុល្លារអាមេរិក។ ចំនួននេះបានកើនឡើងរហូតដល់៤ដង បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។ ក្នុងនោះសិង្ហបុរីតែងតែឋិតក្នុងប្រភពវិនិយោគពីបរទេសកំពូលទាំង ១០ របស់កម្ពុជា ដោយបានចូលរួមចំណែកជិត ២ ពាន់លានដុល្លារអាមេរិក ក្នុងទិដ្ឋភាពវិនិយោគរបស់កម្ពុជា។

សម្ដេចធិបតីបញ្ជាក់ថា ការវិនិយោគរបស់សិង្ហបុរី បានដើរតួនាតីដ៏សំខាន់ ក្នុងការអភិវឌ្ឍកម្ពុជា ដោយបានជំរុញកំណើនក្នុងវិស័យជាច្រើនដូចជា កម្មន្តសាល អចលនទ្រព្យ និងបដិសណ្ឋារកិច្ច។ ក្រុមហ៊ុនល្បីៗរបស់សិង្ហបុរី ជាច្រើនបានចូលរួមបណ្ដាក់ទុនវិនិយោគដ៏រឹងមាំនៅកម្ពុជា ដែលការណ៍នេះ បង្ហាញពីភាពជោគជ័យ និងសក្ដានុពលនៃការវិនិយោគនៅកម្ពុជា៕ អត្ថបទ៖វ៉ន ដារ៉ា


Comments

Leave a Reply

Your email address will not be published. Required fields are marked *