នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយ Cambodia Film Commission និងCINÉ HUB រៀបចំវគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា២០២៤ ក្នុងគោលបំណងរួមចំណែកបណ្តុះបណ្តាលនិងពង្រឹងសមត្ថភាពយុវជន ដែលបានចំណាប់អារម្មណ៍ស្រលាញ់ ចូលរួមចំណែកក្នុងវិស័យភាពយន្តកម្ពុជា។
លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បានថ្លែងប្រាប់BTV ព័ត៌មាននាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះថា តាមរយៈការបណ្តុះបណ្តាលជំនាញនេះ យើងមានធនធានយុវជនថ្មីៗ ដែលបានបោះជំហានចូលក្នុងវិស័យភាពយន្តកម្ពុជា។ ថ្វីត្បិតថាការបណ្តុះបណ្តាលមានរយៈពេលខ្លី ក៏ប៉ុន្តែវាជាការរួមចំណែកមួយយ៉ាងសំខាន់ ក្នុងការជំរុញបណ្តុះគំនិត គិតស្រលាញ់របស់យុវជន ពិសេសផ្តល់ឱកាសជាលក្ខណៈបច្ចេកទេសភាព ហើយបោះជំហានចូលក្នុងការផលិតភាពយន្តទាំងខ្នាតខ្លី និងខ្នាតវែង នាពេលខាងមុខ។
លោក ប៉ុក បូរក្ស បញ្ជាក់ថា «នេះជាឆ្នាំទី៧ ដែលយើងរៀបចំធ្វើវគ្គបណ្តុះបណ្ដាលភាពយន្តខ្លីកម្ពុជា២០២៤ (Cambodia Film Lab 2024) ហើយជារៀងរាល់ឆ្នាំយើងមានការដាក់ពាក្យចូលរួមច្រើន ឆ្នាំទៅម៉ិញមានរហូតដល់ទៅជាង២០០នាក់ ប៉ុន្តែយើងជ្រើសរើស(Select) យកតែ៣០នាក់ ព្រោះយើងដឹងហើយថា នៅពេលដែលយើងរៀន យើងមិនអាច Cover ទៅលើមនុស្សទាំងអស់គ្នាបាននោះទេ។ ដោយទី១ ទាក់ទងទៅនឹងទំហំលទ្ធភាព ហើយនឹងពេលវេលាលើការបណ្តុះបណ្តាល។ ដូច្នេះយើងមានការកម្រិតនៅចំនួន ហើយឆ្នាំនេះទៀតសោត គឺយើងកំពុងតែធ្វើការប្រកាសជ្រើសរើសយុវជនរបស់យើង ឲ្យចូលរៀន ក្នុងឆ្នាំ២០២៤ គម្រោងនៃការបណ្តុះបណ្តាលនេះចាប់ផ្តើមនាពាក់កណ្តាលខែកក្កដា រហូតដល់ខែតុលា មានន័យថា យើងបណ្តុះបណ្តាលមានរយៈពេល៣ខែ នៅលើមុខជំនាញសំខាន់ៗ ក្នុងការផលិតភាពយន្ត ដែលផ្តោតជាសំខាន់ដំបូង គឺការសរសេរអត្ថបទនិពន្ធ ដែលសព្វថ្ងៃមានការប្រឈមខ្លាំង នៅក្នុងឧស្សាហកម្មភាពយន្ត បច្ចុប្បន្នយើងត្រូវធនធានមនុស្សផ្នែកនេះច្រើនបន្ថែមទៀត។ ដើម្បីចេះ និងយល់អំពីវិធីសាស្រ្តក្នុងការសរសេរអត្ថបទនិពន្ធឲ្យមានភាពទាក់ទាញ ឲ្យមានរូបភាពច្នៃប្រឌិតខ្ពស់ ហើយនេះគឺជាចំនុចសំខាន់មួយ ដែលយើងត្រូវធ្វើការបណ្តុះបណ្តាល។»
លោក ប៉ុក បូរក្ស បានបញ្ជាក់ទៀតថា ក្រៅពីការបណ្តុះបណ្តាលលើផ្នែកសរសេរ យើងក៏បណ្តុះបណ្តាលទៅលើការថតភាពយន្ត ដឹកនាំរឿង អ្នកជំនួយការដឹកនាំរឿង ការថតយកសម្លេង កាត់ត និងកែពណ៌។ ដូច្នេះសូមយុវជន មកដាក់ពាក្យស្នើសុំចូលសិក្សាវគ្គបណ្តុះបណ្តាលភាពយន្តខ្លី នៅនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌។ ជាពិសេសកិច្ចការស្នូលរបស់នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៤នេះ យើងបានផ្តល់សេវាសាធារណៈលើវិស័យភាពយន្ត គឺនាយកដ្ឋានបានផ្តល់ការអនុញ្ញាតថតភាពយន្ត ទាំងក្នុងស្រុក និងបរទេសដែលមកថតភាពយន្តនៅកម្ពុជា ទាំងការផ្តល់ទិដ្ឋការសម្រាប់ចាក់បញ្ចាំងផ្សព្វផ្សាយភាពយន្ត នៅក្នុងរោងភាពយន្តភារកិច្ចនេះយើងធ្វើជាប្រចាំ បើពិនិត្យទៅលើបរិមាណនៃការផលិតរបស់ផលិតករភាពយន្តក្នុងស្រុកយើងឃើញថា ឋិតក្នុងកម្រិតមួយប្រហាក់ប្រហែលកាលពីឆ្នាំ២០២៣ បើប្រៀបធៀបរយៈពេល៦ខែដូចគ្នា មានន័យថា មកដល់ពេលនេះចំនួននៃការផលិតភាពយន្ត មានជាង២០ក្រុមហ៊ុន និងចំនួន២០ចំណងជើង ហើយការផ្តល់ទិដ្ឋការសម្រាប់ចាក់ផ្សព្វផ្សាយ គឺមានចំនួនប្រហាក់ប្រហែលគ្នានៅតាមរោងភាពយន្តនេះសំដៅទៅលើការផ្តល់សម្រាប់ផលិតករក្នុងស្រុក។ ដោយឡែកសម្រាប់ផលិតករក្រៅប្រទេស យើងផ្តល់ច្រើនទៅលើការថតឯកសារភាពយន្ត មកដល់ពេលនេះមានចំនួនជិត៤០ចំណងជើង ជាពិសេសក្នុងត្រីមាសទី២ គម្រោងនៃការស្នើសុំថតភាពយន្ត គឺមានប្រទេសជាច្រើន បានស្នើសុំថតភាពយន្ត មានដូចជាសាធារណរដ្ឋប្រជាមានិតចិន អង់គ្លេស សហរដ្ឋអាមេរិក បារាំង ដើម្បីស្នើសុំថតភាពយន្តខ្នាតវែង។ ក៏ប៉ុន្តែកំពុងឋិតនៅគម្រោងដាក់ពាក្យស្នើសុំ និងដំណើរការនៅក្នុងអំឡុងខែកញ្ញា និងខែតុលា ឆ្នាំ២០២៤ខាងមុខនេះ៕ អត្ថបទ៖ រដ្ឋា
Leave a Reply