ពូទីន ៖ ជជែកជាមួយអ៊ុយក្រែនបាន តែមិនមែន Zelensky

បរទេស ៖ ប្រធានាធិបតី នៃប្រទេសរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយ កាលពីថ្ងៃអង្គារថា ប្រទេសរបស់លោក អាចធ្វើកិច្ចចរចាសន្តិភាព ជាមួយអ៊ុយក្រែន ប៉ុន្តែ បានច្រានចោល ការនិយាយដោយផ្ទាល់ ជាមួយប្រធានាធិបតី Volodymyr Zelensky ដែលលោកហៅថា ជាមនុស្ស «ខុសច្បាប់» ។

មេដឹកនាំអ៊ុយក្រែន បានឆ្លើយតបវិញថា លោក ពូទីន «ភ័យខ្លាច» ការចរចា ហើយកំពុងប្រើ «ល្បិចកល ដើម្បីអូសបន្លាយជម្លោះ ជិតបីឆ្នាំ»។

លោក ពូទីន បាននិយាយថា «ប្រសិនបើ Zelensky ចង់ចូលរួម ក្នុងការចរចា ខ្ញុំនឹងចាត់ចែងមនុស្សឱ្យចូលរួម» ដោយហៅមេដឹកនាំ អ៊ុយក្រែន រូបនេះ ថា «ខុសច្បាប់» ពីព្រោះអាណត្តិប្រធានាធិបតីរបស់ Zelensky បានផុតកំណត់ ក្នុងអំឡុងពេលច្បាប់អាជ្ញាសឹក។

លោក Zelensky បាននិយាយថា មានឱកាសដើម្បីសម្រេចបាន «សន្តិភាពពិតប្រាកដ» ប៉ុន្តែ ថា ប្រធានវិមានក្រឹមឡាំង ដែលចង់សំដៅលើ លោក ពូទីន មានការខកចិត្ត ចំពោះការខិតខំប្រឹងប្រែង បញ្ឈប់ការប្រយុទ្ធគ្នា។

Zelensky បានសរសេរ នៅលើ X ថា «ថ្ងៃនេះ លោក Putin បានបញ្ជាក់ម្តងទៀតថា គាត់ខ្លាចការចរចា ខ្លាចមេដឹកនាំខ្លាំង និងធ្វើអ្វីគ្រប់យ៉ាង ដែលអាចធ្វើទៅបាន ដើម្បីអូសបន្លាយសង្គ្រាម» ។

ប្រធានាធិបតីអាមេរិក លោក Donald Trump បានដាក់សម្ពាធលើភាគី ទាំងសងខាង ដើម្បីបញ្ចប់ការប្រយុទ្ធគ្នា ចាប់តាំងពីចូលកាន់តំណែង នៅថ្ងៃទី ២០ ខែមករា ដោយគំរាមកំហែងដាក់ទណ្ឌកម្ម កាន់តែតឹងរ៉ឹង លើប្រទេសរុស្ស៊ី ខណៈពេលដែលលោកអះអាងថា Zelensky ត្រៀមខ្លួនជាស្រេច ដើម្បីចរចា ស្វែងរក «កិច្ចព្រមព្រៀង»៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត