បរទេស ៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra កាលពីថ្ងៃអង្គារ បានគំរាមបញ្ឈប់ការឧបត្ថម្ភធន សម្រាប់កសិករ ដែលដុតចោល នូវសំណល់ដំណាំកសិកម្ម ដែលជាផ្នែកមួយ នៃវិធានការដោះស្រាយ ការបំពុលខ្យល់ PM2.5 ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ប្រចាំសប្តាហ៍ លោកស្រី Paetongtarn បាននិយាយថា ការផ្អាកការឧបត្ថម្ភធន គឺស្ថិតក្នុងចំណោមវិធានការមួយចំនួន ដែលគណៈរដ្ឋមន្ត្រី បានពិចារណា និងអនុម័ត សម្រាប់ការអនុវត្ត ដោយក្រសួងពាក់ព័ន្ធ ដើម្បីកាត់បន្ថយការបំពុលខ្យល់ PM2.5 ដែលបានកំពុងកកស្ទះផ្នែកជាច្រើន នៃប្រទេស។
លោកស្រី នាយករដ្ឋមន្រ្តី បាននិយាយថា ជាផ្នែកនៃវិធានការនេះ ក្រសួងកសិកម្មត្រូវបានចាត់តាំងឱ្យមានការធានាថា គ្មានកសិករណា ដុតបំផ្លាញសំណល់កសិកម្ម ក្រោយការប្រមូលផល របស់ពួកគេឡើយ។ លោកស្រី Paetongtarn បានបន្ថែមថា ប្រសិនបើកសិករ ត្រូវបានគេរកឃើញថា ធ្វើសកម្មភាពដុត ដើម្បីឈូសឆាយដីស្រែ ឬ កសិដ្ឋានរបស់ពួកគេ បន្ទាប់ពីប្រមូលផល ពួកគេនឹងត្រូវបានហាមឃាត់ មិនឱ្យទទួលបានប្រាក់ឧបត្ថម្ភណាមួយ ពីរដ្ឋាភិបាល នៅចន្លោះថ្ងៃទី១ ខែមិថុនា ឆ្នាំនេះ ដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំក្រោយ៕
ប្រភពពី The Nation ប្រែសម្រួល៖ សារ៉ាត
Leave a Reply