អស់រយៈពេលជិតមួយខែមកនេះ កងកម្លាំងសន្តិសុខ Puntland ត្រូវបានគេរាយការណ៍ថា បាននិងកំពុងវាយរុលទៅមុខលើកន្លែងលាក់ខ្លួនរបស់ក្រុមរដ្ឋឥស្លាមនៅក្នុងតំបន់ ដោយមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លាបំផុតបានកើតឡើងនាពេលថ្មីៗនេះ នៅក្នុងទីក្រុង Turmasaale ដែលជាទីតាំងយុទ្ធសាស្ត្រ។ ទោះបីជាមានការស្លាប់ និងរបួសទាំងសងខាងក៏ដោយ ក៏កងកម្លាំង Puntland មានការវាយសម្រុកទៅមុខដ៏ខ្លាំងក្លា ដោយដណ្ដើមយកបានទីតាំងសំខាន់ៗមួយចំនួន។
កាលពីថ្ងៃសៅរ៍ ថ្ងៃទី ១ ខែកុម្ភៈ លោកប្រធានាធិបតីអាមេរិក Donald Trump បាននិយាយថា លោកបានបញ្ជាឱ្យមានការវាយប្រហារតាមអាកាសដោយយោធា ដាក់គោលដៅលើអ្នករៀបចំផែនការវាយប្រហារជាន់ខ្ពស់របស់រដ្ឋអ៊ីស្លាម និងអ្នកផ្សេងទៀតមកពីអង្គការនៅក្នុងប្រទេសសូម៉ាលី។ រដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth បាននិយាយថា ការវាយប្រហារត្រូវបានធ្វើឡើងនៅតំបន់ភ្នំ Golis ហើយមិនមានជនស៊ីវិលណាម្នាក់រងគ្រោះថ្នាក់នោះទេ។
សារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់ព័ត៌មានលម្អិតទាំងនោះដោយឯករាជ្យបានទេ។
មន្ត្រីម្នាក់នៅក្នុងការិយាល័យប្រធានាធិបតីសូម៉ាលីដែលនិយាយសុំមិនបញ្ចេញឈ្មោះបានបញ្ជាក់ពីការវាយប្រហារនេះ ហើយបាននិយាយថា រដ្ឋាភិបាលរបស់ប្រទេសសូម៉ាលីស្វាគមន៍ចំពោះការវាយប្រហារតាមអាកាសរនេះ។ សហរដ្ឋអាមេរិកបានបើកការវាយប្រហារតាមអាកាសក្នុងប្រទេសសូម៉ាលីជាទៀងទាត់អស់រយៈពេលជាច្រើនឆ្នាំ ក្រោមការគ្រប់គ្រងរបស់គណបក្សសាធារណរដ្ឋ និងប្រជាធិបតេយ្យ៕
Leave a Reply