លោក Trump បញ្ជាឱ្យបង្កើតមូលនិធិទ្រព្យសម្បត្តិអធិបតេយ្យអាមេរិក ដែលអាចទិញ TikTok

ប្រធានាធិបតីអាមេរិក លោក Donald Trump បានចុះហត្ថលេខាលើក្រឹត្យមួយកាលពីថ្ងៃចន្ទ (០៣ កុម្ភៈ) ដោយបញ្ជាឱ្យបង្កើតទ្រព្យសម្បត្តិអធិបតេយ្យមួយរបស់សហរដ្ឋអាមេរិក នៅឆ្នាំក្រោយ ដោយនិយាយថាមូលនិធិនោះអាចប្រើទិញកម្មវិធីវីដេអូខ្លី TikTok។

ប្រសិនបើត្រូវបានបង្កើតឡើង មូលនិធិទ្រព្យសម្បត្តិអធិបតេយ្យភាពមួយនេះអាចដាក់សហរដ្ឋអាមេរិក ឱ្យស្របជាមួយនឹងប្រទេសជាច្រើនផ្សេងទៀត ជាពិសេសនៅមជ្ឈិមបូព៌ា និងអាស៊ី ដែលបានចាប់ផ្តើមមូលនិធិស្រដៀងគ្នានេះ ជាមធ្យោបាយដើម្បីធ្វើការវិនិយោគដោយផ្ទាល់ជាមួយថវិការដ្ឋាភិបាល។

លោក Trump បន្ទាប់ពីចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា បានចុះហត្ថលេខាលើក្រឹត្យដែលពន្យារពេល ៧៥ថ្ងៃនៃការអនុវត្តច្បាប់ហាមប្រាម ១៩ មករា របស់ TikTok ជុំវិញហានិភ័យសន្តិសុខជាតិរបស់ខ្លួន ហើយរដ្ឋាភិបាលកំពុងពិភាក្សាជាមួយស្ថាប័នជាច្រើនដើម្បីទិញកម្មវិធីបណ្ដាញសង្គមមួយនេះ។

អត្ថន័យនៃក្រឹត្យនេះមានភាពស្រពិចស្រពិលលើព័ត៌មានលម្អិត ហើយគ្រាន់តែបានបញ្ជាឱ្យក្រសួងរតនាគារ និងពាណិជ្ជកម្ម ដាក់ផែនការសម្រាប់មូលនិធិបែបនេះក្នុងរយៈពេល ៩០ថ្ងៃ រួមទាំងអនុសាសន៍ស្តីពី “យន្តការផ្តល់មូលនិធិ យុទ្ធសាស្រ្តវិនិយោគ រចនាសម្ព័ន្ធមូលនិធិ និងគំរូអភិបាលកិច្ច”។

ជាធម្មតាមូលនិធិបែបនេះពឹងផ្អែកលើអតិរេកថវិការបស់ប្រទេសមួយដើម្បីធ្វើការវិនិយោគ ប៉ុន្តែសហរដ្ឋអាមេរិក ដំណើរការដោយឱនភាព។ ការបង្កើតរបស់មូលនិធិនេះក៏ទំនងជាត្រូវការការយល់ព្រមពីសភាផងដែរ៕