គណៈកម្មាការសហភាពអឺរ៉ុបមើលឃើញថាគ្មានហេតុផលណាមួយសម្រាប់ការបង្កើនពន្ធរបស់អាម៉េរិកលើការនាំចេញរបស់ខ្លួននោះទេ

ភ្នំពេញ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ — គណៈកម្មការអឺរ៉ុបបាននិយាយកាលពីថ្ងៃចន្ទថា «មិនមានហេតុផលណាមួយ» នៅពីក្រោយការដាក់ពន្ធដ៏មានសក្តានុពលរបស់សហរដ្ឋអាមេរិកទៅលើផលិតផលដែកថែបនិងអាលុយមីញ៉ូមរបស់សហភាពអឺរ៉ុបនោះទេ ដោយបានព្រមានថាវិធានការបែបនេះនឹងក្លាយជារឿងខុសច្បាប់។

គណៈកម្មការបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា«សហភាពអឺរ៉ុបមើលឃើញថាមិនមានហេតុផលណាមួយសម្រាប់ការដាក់ពន្ធទៅលើការនាំចេញរបស់ខ្លួននោះទេ។ យើងនឹងប្រតិកម្មដើម្បីការពារផលប្រយោជន៍របស់ក្រុមហ៊ុនធុរកិច្ចអឺរ៉ុប កម្មករ និងអ្នកប្រើប្រាស់ពីវិធានការមិនសមហេតុផលនេះ»។

សេចក្តីថ្លែងការណ៍នោះបាននិយាយថា «ជាទូទៅ ការដាក់ពន្ធនឹងមិនស្របច្បាប់ និងផ្ទុយពីសេដ្ឋកិច្ច ជាពិសេសដោយសារខ្សែសង្វាក់ផលិតកម្មរួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅ ដែលសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកបានបង្កើតឡើងតាមរយៈពាណិជ្ជកម្ម និងការវិនិយោគ»។

វាបានគូសបញ្ជាក់ថា តាមរយៈការដាក់ពន្ធនេះ សហរដ្ឋអាមេរិកនឹងយកពន្ធលើពលរដ្ឋរបស់ខ្លួន ដែលនាំឱ្យបង្កើនការចំណាយសម្រាប់អាជីវកម្មនិងជំរុញអតិផរណា។

លើសពីនេះទៀត ពន្ធគយនេះនឹងបង្កើនភាពមិនច្បាស់លាស់ខាងសេដ្ឋកិច្ច និងរំខានដល់ប្រសិទ្ធភាព និងការរួមបញ្ចូលទីផ្សារពិភពលោក។

គណៈកម្មការបានកត់សម្គាល់ថា ខ្លួនមិនបានទទួលការជូនដំណឹងជាផ្លូវការណាមួយទាក់ទងនឹងការដាក់ពន្ធបន្ថែមទៅលើទំនិញរបស់សហភាពអឺរ៉ុបនេះឡើយ៕

ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)