ភ្នំពេញ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ — មន្ត្រីរដ្ឋាភិបាលអ៊ីស្រាអែលម្នាក់បាននិយាយថា កងកម្លាំងអ៊ីស្រាអែលបានចាប់ផ្តើមដកខ្លួនចេញពីតំបន់សំខាន់មួយនៅក្នុងតំបន់ហ្គាហ្សា ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងបទឈប់បាញ់អ៊ីស្រាអែល និងក្រុមហាម៉ាស់ បានចូលជាធរមានកាលពីខែមុន។
ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មន្ត្រីរូបនេះបានប្រាប់សារព័ត៌មានស៊ីនហួថា ការដកខ្លួនចេញពីតំបន់ដែលគេដាក់ឈ្មោះដោយអ៊ីស្រាអែលថាជាច្រករបៀង Netzarim ជាព្រំដែនបំបែកតំបន់ហ្គាហ្សាពីខាងជើងទៅខាងត្បូង ត្រូវបានគេរំពឹងថានឹងបញ្ចប់នៅចុងថ្ងៃអាទិត្យ។
យោធាអ៊ីស្រាអែលបានបង្កើតប៉ុស្តិ៍នៅច្រករបៀងអំឡុងពេលការវាយប្រហាររយៈពេល ១៥ខែរបស់ខ្លួនលើតំបន់ហ្គាហ្សា។ មន្ត្រីសន្តិសុខអ៊ីស្រាអែលម្នាក់បានប្រាប់សារព័ត៌មានស៊ីនហួដោយមិនបញ្ចេញឈ្មោះថាយោធាកំពុង «រៀបចំដើម្បីអនុវត្តន៍កិច្ចព្រមព្រៀងនេះបើតាមការណែនាំរបស់អ្នកនយោបាយ»។
វីដេអូដែលផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមហាក់ដូចជាបង្ហាញពីទាហានកំពុងដុតគ្រឿងសង្ហារឹម និងប្រអប់មិនស្គាល់អត្តសញ្ញាណនៅឯមូលដ្ឋានទ័ពរបស់ពួកគេ ដោយទាហានម្នាក់បានស្រែកថា «យើងនឹងមិនទុកអ្វីសម្រាប់ប្រជាជននៅតំបន់ហ្គាហ្សានោះទេ»។
បទឈប់បាញ់រយៈពេល ៤២ថ្ងៃរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានចូលជាធរមាននៅថ្ងៃទី១៩ ខែមករា។ នៅក្រោមកិច្ចព្រមព្រៀងនេះអ៊ីស្រាអែលបានប្តេជ្ញាចិត្តដកកងកម្លាំងរបស់ខ្លួនចេញពីតំបន់នោះ។ជាមួយនឹងបទឈប់បាញ់នៅពេលនេះបានហួសពីចំណុចកណ្តាលរបស់ខ្លួនការចរចាដែលសម្របសម្រួលដោយប្រទេសកាតា អេហ្ស៊ីប និងសហរដ្ឋអាមេរិក ត្រូវបានកំណត់ថាតើបទឈប់បាញ់នឹងបន្តទៅដំណាក់កាលទីពីររបស់ខ្លួនឬទេ ដែលនឹងរួមបញ្ចូលការដោះលែងចំណាប់ខ្មាំង និងអ្នកឃុំឃាំងប៉ាឡេស្ទីនបន្ថែមទៀត៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)
Leave a Reply