លោក Donald Trumpនិយាយថា ទាំងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ទាំងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានបង្ហាញពីបំណងចង់បានសន្តិភាពក្នុងការសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកជាមួយមេដឹកនាំរុស្ស៊ីកាលពីថ្ងៃពុធ ១២ កុម្ភៈសប្ដាហ៍នេះ ហើយលោក Trump បានបញ្ជាឱ្យក្រុមមន្ត្រីជាន់ខ្ពស់អាមេរិកចាប់ផ្តើមកិច្ចពិភាក្សាស្តីពីការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។ លោក Trump និយាយថាលោករំពឹងថានឹងជួបលោក Putin នៅអារ៉ាប៊ីសាអ៊ូឌីត។
ពេលវេលានៃជំនួបមិនត្រូវបានបញ្ជាក់ច្បាស់ទេ តែលោកTrumpលើកឡើងថានៅពេលមិនយូរទេ។
ការសន្ទនានេះបានកើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិរបស់លោក Trump បាននិយាយថាទីក្រុង Kyiv នឹងត្រូវបោះបង់ចោលគោលដៅដែលបានកាន់កាប់ជាយូរមកហើយរបស់ខ្លួនក្នុងការចូលរួមជាមួយសម្ព័ន្ធមិត្តយោធាណាតូ និងទទួលបានមកវិញនូវទឹកដីទាំងអស់របស់ខ្លួនដែលត្រូវបានរឹបអូសដោយរុស្ស៊ី ដែលជាសញ្ញានៃការផ្លាស់ប្តូរយ៉ាងខ្លាំងនៅក្នុងវិធីសាស្រ្តរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះជម្លោះនេះ។
បន្ទាប់ពីបាននិយាយជាមួយលោក Putin អស់រយៈពេលជាងមួយម៉ោង លោក Trump បាននិយាយថា មេដឹកនាំរុស្ស៊ីដែលបានវាយលុកលើអ៊ុយក្រែននៅឆ្នាំ២០២២ ចង់ឱ្យសង្រ្គាមបញ្ចប់ ហើយមេដឹកនាំទាំងពីរបានពិភាក្សាអំពីការទទួលបានបទឈប់បាញ់នាពេលអនាគតដ៏ខ្លី ។
លោក Trump បានប្រាប់អ្នកសារព័ត៌មាននៅក្នុងការិយាល័យ Oval Office ថា លោកចង់ឱ្យសង្រ្គាមបញ្ចប់។ លោកមិនចង់ឲ្យចប់ហើយ ៦ខែក្រោយ បកទៅប្រយុទ្ធគ្នាវិញទៀតទេ។
លោកបានបន្ថែមថា លោកគិតថាយើងកំពុងធ្វើដំណើរឆ្ពោះទៅរកសន្តិភាព។លោកគិតថាប្រធានាធិបតីរុស្ស៊ី ចង់បានសន្តិភាព ហើយប្រធានាធិបតី Zelenskyy ក៏ចង់បានសន្តិភាពដែរ ចំណែកលោកក៏ចង់បានសន្តិភាពដូចគ្នា។លោកគ្រាន់តែមិនចង់ឃើញមនុស្សកាប់សម្លាប់គ្នាទៀតប៉ុណ្ណោះ៕
Leave a Reply