អ៊ីស្រាអែល កាលពីថ្ងៃពុធ ទី១២ ខែកុម្ភៈ បានគំរាមធ្វើសង្គ្រាមថ្មី លើក្រុមហាម៉ាស និងអនុវត្តផែនការរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងការផ្លាស់ទីលំនៅប្រជាជនប៉ាឡេស្ទីន ចេញពីតំបន់ហ្កាហ្សាស្ទ្រីប ដែលត្រូវបានបំផ្លិចបំផ្លាញដោយសង្រ្គាមជាង១៥ខែ ប្រសិនបើក្រុមសកម្មប្រយុទ្ធមិនដោះលែងចំណាប់ខ្មាំងនៅចុងសប្តាហ៍នេះ។
ការអត្ថាធិប្បាយរបស់រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Israel Katz បានកើតឡើងភ្លាមៗបន្ទាប់ពីក្រុម ហាម៉ាសប៉ាឡេស្ទីនបាននិយាយថា ខ្លួននឹងមិនចុះចាញ់នឹង “ការគំរាមកំហែង” របស់អាមេរិក និងអ៊ីស្រាអែលជុំវិញការដោះលែងចំណាប់ខ្មាំងនៅក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់ដ៏ផុយស្រួយនោះទេ។
ប្រភពពីប៉ាឡេស្ទីន និងក្រុមអ្នកការទូតម្នាក់ដែលដឹងពីកិច្ចចរចានេះបានប្រាប់សារព័ត៌មាន AFPថា ក្រុមអ្នកសម្របសម្រួលកាតា និងអេហ្ស៊ីប កំពុងជំរុញឲ្យសង្រ្គោះកិច្ចព្រមព្រៀងបទឈប់បាញ់ដែលបានចូលជាធរមានកាលពីខែមុន ខណៈក្រុមហាម៉ាស បាននិយាយថា អ្នកចរចាជាន់ខ្ពស់របស់ខ្លួនកំពង់នៅទីក្រុងគែរប្រទេសអេហ្ស៊ីប។
បទឈប់បាញ់បានផ្អាកការប្រយុទ្ធគ្នាជាង១៥ ខែ ហើយមើលឃើញចំណាប់ថ្នូរជនជាតិអ៊ីស្រាអែលត្រូវបានដោះលែងជាក្រុមតូចៗជាថ្នូរនឹងប្រជាជនប៉ាឡេស្ទីនជាប់ឃុំឃាំងនៅអ៊ីស្រាអែល។
ប៉ុន្តែកិច្ចព្រមព្រៀងដែលបច្ចុប្បន្នស្ថិតក្នុងដំណាក់កាលទីមួយរយៈពេល ៤២ ថ្ងៃរបស់ខ្លួនកំពុងស្ថិតក្រោមភាពតានតឹងកាន់តែខ្លាំង។
ភាគីជម្លោះដែលមិនទាន់បានឯកភាពគ្នាលើដំណាក់កាលបន្ទាប់នៃបទឈប់បាញ់ បានចោទប្រកាន់គ្នាពីការបំពាន ដែលជំរុញឱ្យមានការព្រួយបារម្ភថា អំពើហិង្សាអាចបន្តឡើងវិញនិងបង្កភាពតានតឹងជាថ្មីនៅមជ្ឈិមបូព៌ាដែលពិបាកក្នុងការទទួលបានសន្តិភាពយូរអង្វែង៕
Leave a Reply