រុស្ស៊ី ច្រានចោលការផ្តល់សម្បទានទឹកដីនៅមុនកិច្ចចរចាជាមួយក្រុមលោក Trump

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov កាលពីថ្ងៃចន្ទ (១៧ កុម្ភៈ) បានច្រានចោលការផ្តល់ទឹកដីសម្បទានដល់អ៊ុយក្រែន ដោយកំណត់ជំហរបើកចំហដ៏តឹងរ៉ឹងរបស់ទីក្រុងមូស្គូ នៅមុនកិច្ចពិភាក្សានៅថ្ងៃអង្គារ (១៨ កុម្ភៈ) នេះ ជាមួយក្រុមមន្រ្តីរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

លោក Trump បាននិយាយបន្ទាប់ពីការហៅទូរសព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីថ្ងៃពុធសប្ដាហ៍មុនថា ភាគីទាំងពីរនឹងចាប់ផ្តើមកិច្ចពិភាក្សាសំដៅបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។

វិមានក្រឹមឡាំងនិយាយថា លោក Lavrov និងលោក Yuri Ushakov ទីប្រឹក្សាគោលនយោបាយការបរទេសរបស់វិមានក្រឹមឡាំង ដែលធ្លាប់ជាឯកអគ្គរដ្ឋទូតប្រចាំទីក្រុងវ៉ាស៊ីនតោន នឹងជួបជាមួយក្រុមមន្ត្រីសហរដ្ឋអាមេរិក រួមទាំងរដ្ឋមន្ត្រីការបរទេស លោក Marco Rubio នៅអារ៉ាប៊ីសាអ៊ូឌីត នៅថ្ងៃអង្គារនេះផងដែរ។

ប្រមុខការទូតរុស្ស៊ី លោក Lavrov បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា នឹងមិនមានការនិយាយអំពីសម្បទានទឹកដីដល់អ៊ុយក្រែនទេ ដែលប្រហែល ២០% ត្រូវបានគ្រប់គ្រងដោយកងកម្លាំងរុស្ស៊ី។ គួររម្លឹកថា សារព័ត៌មានរ៉យទ័របានរាយការណ៍កាលពីខែវិច្ឆិកា ឆ្នាំមុនថា លោក Putin បានត្រៀមខ្លួនរួចជាស្រេចដើម្បីចរចាកិច្ចព្រមព្រៀងជាមួយលោក Trump ប៉ុន្តែនឹងបដិសេធមិនធ្វើសម្បទានទឹកដីសំខាន់ៗទេ ហើយនឹងទទូចឱ្យទីក្រុងគីវ បោះបង់ចោលមហិច្ឆតាចូលរួមជាមួយសម្ព័ន្ធយោធាណាតូរបស់ខ្លួន៕