ក្រុមមេដឹកនាំអឺរ៉ុបរៀបចំកិច្ចពិភាក្សាបន្ទាន់ ខណៈបារម្ភថាលោកTrump បានបោះបង់ចោលសម្ព័ន្ធមិត្ត

ក្រុមមេដឹកនាំអឺរ៉ុបបានប្រមូលផ្តុំគ្នាក្នុងទីក្រុងប៉ារីសនៅថ្ងៃអង្គារសប្ដាហ៍នេះសម្រាប់កិច្ចពិភាក្សាបន្ទាន់ស្តីពីរបៀបប្រតិកម្មចំពោះការវាយប្រហារផ្នែកការទូតរបស់អាមេរិកលើបញ្ហាអ៊ុយក្រែន ដែលបានធ្វើឱ្យសម្ព័ន្ធភាពធ្លាប់តែរឹងមាំ ក្លាយជាចលាចល ហើយបានធ្វើឱ្យអឺរ៉ុបចោទសួរពីភាពជឿជាក់នៃដៃគូឆ្លងមហាសមុទ្រអាត្លង់ទិកដ៏សំខាន់របស់ខ្លួន។ ជាមួយគ្នានោះ មេដឹកនាំទាំងនោះបានអំពាវនាវឲ្យបង្កើនសមត្ថភាពយោធារបស់ប្លុកនេះដោយបង្កើនការចំណាយបន្ថែមទៀត។

មិនយូរប៉ុន្មានមុនពេលកិច្ចប្រជុំ ប្រធានាធិបតីបារាំង Emmanuel Macron បាននិយាយជាមួយប្រធានាធិបតីអាមេរិក Donald Trump ប៉ុន្តែការិយាល័យរបស់លោក Macron នឹងមិនបង្ហាញព័ត៌មានលម្អិតអំពីការពិភាក្សារយៈពេល ២០ នាទីនោះទេ។

ក្រុមមេដឹកនាំនៃប្រទេសអាល្លឺម៉ង់ ចក្រភពអង់គ្លេស អ៊ីតាលី ប៉ូឡូញ អេស្ប៉ាញ ហូឡង់ ដាណឺម៉ាក និងសហភាពអឺរ៉ុបបានមកដល់វិមាន អេលីហ្ស៊េ (Elysee) ដើម្បីពិភាក្សាពីបញ្ហាសន្តិសុខរបស់អឺរ៉ុបនិងមានការចូលរួមពីអគ្គលេខាធិការអង្គការណាតូ លោក Mark Rutteផងដែរ។

កាលពីសប្តាហ៍មុន មន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិកមកពីរដ្ឋបាលលោក Trump បានធ្វើទស្សនកិច្ចលើកដំបូងទៅកាន់អឺរ៉ុប ដោយបន្សល់ទុកនូវចំណាប់អារម្មណ៍ថា ទីក្រុងវ៉ាស៊ីនតោនបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយវិមានក្រឹមឡាំង ដែលធ្វើឲ្យសម្ព័ន្ធមិត្តអឺរ៉ុបមានវ័យចំណាស់ជាច្រើនរបស់ខ្លួនភ្ញាក់ផ្អើល។

ចំណុចប្រែប្រួលមួយបានកើតឡើងនៅពេលលោក Trump សម្រេចចិត្តដាក់ចេញគោលនយោបាយរបស់សហរដ្ឋអាមេរិកជាច្រើនឆ្នាំ ចង់ជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី Vladimir Putin ក្នុងក្តីសង្ឃឹមបញ្ចប់សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន។ បន្ទាប់មក បេសកជនពិសេសរបស់លោក Trump ទទួលបន្ទុកបញ្ហាអ៊ុយក្រែន និងរុស្ស៊ី កាលពីថ្ងៃអាទិត្យបានច្រានចោលវត្តមានរបស់អឺរ៉ុប និងអ៊ុយក្រែន នៅក្នុងកិច្ចចរចាសន្តិភាពអ៊ុយក្រែនណាមួយក្នុងដំណាក់កាលដំបូងដែលធ្វើឲ្យប្លុកនេះមានប្រតិកម្មយ៉ាងខ្លាំង៕