នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ថា លោកបានប្តេជ្ញាចិត្តចំពោះសំណើរបស់សហរដ្ឋអាមេរិក ដើម្បីកាន់កាប់តំបន់ហ្កាហ្សា និងជម្លៀសប្រជាជនប៉ាឡេស្ទីនរបស់ខ្លួន ខណៈអ្នកការទូតជាន់ខ្ពស់របស់ទីក្រុងវ៉ាស៊ីនតោន ស្ថិតនៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដើម្បីជំរុញផែនការ ដែលត្រូវបានប្រឆាំងដោយរដ្ឋអារ៉ាប់។
សារព័ត៌មាន AFP បានរាយការណ៍ថា ខណៈរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Marco Rubio បានចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលទីក្រុងរីយ៉ាដនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលប្រចាំតំបន់នៅសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីជម្រើសរបស់រដ្ឋអារ៉ាប់ ចំពោះផែនការរបស់ ប្រធានាធិបតី Donald Trump សម្រាប់តំបន់ហ្កាហ្សាស្ទ្រីប ដែលត្រូវបានរិះគន់យ៉ាងខ្លាំង។
ប្រភពព័ត៌មាន និយាយថា ប្រទេសអេហ្ស៊ីប ហ្ស៊កដានី អារ៉ាប់រួម បារ៉ែន អារ៉ាប៊ីសាអ៊ូឌីត អូម៉ង់ កាតា និងប្រទេសគុយវ៉ែត នឹងត្រូវចូលរួមនៅក្នុងកិច្ចប្រជុំកំពូលថ្ងៃសុក្រខាងមុខនេះ។
លោក Rubio បានធ្វើដំណើរទៅកាន់ទីក្រុង Riyadh ពីប្រទេសអ៊ីស្រាអែល ជាកន្លែងដែលលោកបានចាប់ផ្តើមដំណើរស្សនកិច្ចទៅកាន់តំបន់មជ្ឈិមបូព៌ាលើកដំបូងរបស់លោកក្នុងនាមជារដ្ឋមន្ត្រីការបរទេសរបស់ លោក Trump ។
បន្ទាប់ពីជំនួបរបស់លោកជាមួយ លោក Netanyahu លោក Rubio បាននិយាយថា ក្រុមហាម៉ាស «ត្រូវតែបានកម្ចាត់» ខណៈនាយករដ្ឋមន្រ្តីអ៊ីស្រាអែលបានសរសើរ «យុទ្ធសាស្ត្ររួម» រវាងសម្ព័ន្ធមិត្តទាំងពីរ។
Leave a Reply