អ៊ីស្រាអែល ត្រៀមទទួលសាកសពចំណាប់ថ្នូរ ៤នាក់ពីហ្កាហ្សា នៅថ្ងៃព្រហស្បតិ៍នេះ

មន្រ្តីសន្តិសុខអ៊ីស្រាអែលម្នាក់ បាននិយាយកាលពីថ្ងៃចន្ទ (១៧ កុម្ភៈ) ថា អ៊ីស្រាអែល កំពុងរៀបចំទទួលសាកសពចំណាប់ថ្នូរ ៤នាក់ពីតំបន់ហ្កាហ្សា នៅថ្ងៃព្រហស្បតិ៍ខានស្អែកនេះ ហើយកំពុងធ្វើការដើម្បីនាំយកចំណាប់ថ្នូរនៅរស់ ៦នាក់ទៀត មកវិញនៅថ្ងៃសៅរ៍ចុងសប្ដាហ៍។

ប្រសិនបើការប្រគល់ទាំងពីរលើកនេះទទួលជោគជ័យ នោះមានតែចំណាប់ថ្នូរ ៤នាក់ប៉ុណ្ណោះ – ដែលសន្មតថាបានស្លាប់ទាំងអស់ – នឹងនៅតែស្ថិតក្នុងតំបន់ហ្កាហ្សា ក្នុងចំណោមមនុស្ស ៣៣នាក់ ដែលកំណត់ដោះលែងក្នុងដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលបានឈានដល់កាលពីខែមុន ដើម្បីបញ្ឈប់សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស។

កិច្ចព្រមព្រៀងបទឈប់បាញ់ ដែលសម្រេចបានដោយមានជំនួយពីអ្នកសម្រុះសម្រួលកាតា និងអេហ្ស៊ីប បានបន្តដំណើរទៅមុខ បើទោះជាមានការផ្អាកជាបណ្ដោះអាសន្ន និងការចោទប្រកាន់ពីភាគីទាំងសងខាងលើការរំលោភលើកិច្ចព្រមព្រៀងនេះក៏ដោយ។

រហូតមកដល់ពេលនេះ ចំណាប់ថ្នូរជនជាតិអ៊ីស្រាអែលចំនួន ១៩នាក់ ត្រូវបានបញ្ជូនមកវិញ ក៏ដូចជាជនជាតិថៃ ៥នាក់ ដែលត្រូវបានប្រគល់មកវិញក្នុងការដោះលែងមិនកំណត់ពេល។ ក្រុមហាម៉ាស និយាយថា ចំណាប់ថ្នូរ ២៥នាក់ក្នុងចំណោមអ្នកទាំង ៣៣នាក់ដែលនឹងត្រូវដោះលែងក្នុងដំណាក់កាលដំបូងនោះ គឺនៅមានជីវិត៕