រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុស្តាំនិយមរបស់ប្រទេសអ៊ីស្រាអែល លោក Bezalel Smotrich បាននិយាយកាលពីថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ថា ក្រុមសកម្មប្រយុទ្ធហាម៉ាសត្រូវតែទម្លាក់អាវុធរបស់ពួកគេ ហើយចាកចេញពីតំបន់ហ្កាហ្សា។ លោកបាននិយាយដូច្នេះនៅមុនកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដើម្បីពិភាក្សាពីដំណាក់កាលបន្ទាប់នៃបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន។
លោក Smotrich នៅក្នុងសេចក្តីថ្លែងការណ៍តាមវីដេអូ បាននិយាយថា លោក នឹងទាមទារឱ្យមានការបោះឆ្នោត ធ្វើឡើងដោយក្រុមរដ្ឋមន្ត្រីស្តីពីផែនការរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ហើយអ៊ីស្រាអែលត្រូវតែ «ចេញឱសានវាទច្បាស់លាស់ដល់ក្រុមហាម៉ាស ដោះលែងចំណាប់ថ្នូរទាំងអស់ជាបន្ទាន់ ចាកចេញពីតំបន់ហ្កាហ្សា និងទម្លាក់អាវុធចុះ» ។
លោក Smotrich និយាយថា «ប្រសិនបើក្រុមហាម៉ាសបដិសេធឱសានវាទ អ៊ីស្រាអែលនឹងបើកទ្វារនរក ដោយបានគាំទ្រនូវការថ្លែងលើកឡើងដោយលោក Trump និងនាយករដ្ឋមន្ត្រី លោក Benjamin Netanyahu ។
ជាអ្នកប្រឆាំងដ៏ខ្លាំងក្លាចំពោះការបញ្ឈប់សង្រ្គាម លោក Smotrich បានគំរាមថានឹងចាកចេញពីក្រុមចម្រុះដែលកំពុងកាន់អំណាចរបស់ លោក Netanyahu ប្រសិនបើសង្រ្គាមមិនត្រូវបានបន្តក្រោយការបញ្ចប់នៃដំណាក់កាលដំបូងនៃបទឈប់បាញ់។ ផែនការរបស់លោក Trump ខ្វះព័ត៌មានលម្អិត ប៉ុន្តែបានបង្កឱ្យមានកំហឹងយ៉ាងទូលំទូលាយជាអន្តរជាតិ សម្រាប់ការអំពាវនាវរបស់លោកឱ្យប្រជាជនប៉ាឡេស្ទីនតាំងលំនៅថ្មី នៅក្នុងប្រទេសផ្សេងៗ ដូចជាប្រទេសអេហ្ស៊ីប និងហ្ស៊កដានី ក្រោម «ការកាន់កាប់តំបន់ហ្កាហ្សា» របស់សហរដ្ឋអាមេរិក។
Leave a Reply