យោងតាមប្រភពមួយចំនួនបាននិយាយថា កោះតៃវ៉ាន់កំពុងស្វែងរកការទិញសព្វាវុធដែលមានតម្លៃរាប់ពាន់លានដុល្លារពីសហរដ្ឋអាមេរិក ក្នុងក្ដីសង្ឃឹមថានឹងទទួលបានការគាំទ្រពីរដ្ឋបាលថ្មីរបស់លោក Trump ខណៈចិនដីគោកបន្តដាក់សម្ពាធយោធាលើកោះនេះ។
ប្រភពបីដែលដឹងពីស្ថានភាពនេះ បាននិយាយទៅកាន់សារព័ត៌មាន Reuters សុំមិនបញ្ចេញឈ្មោះថា កោះតៃវ៉ាន់កំពុងពិភាក្សាជាមួយទីក្រុងវ៉ាស៊ីនតោន។
មួយក្នុងចំណោមប្រភពមួយចំនួនបាននិយាយថា កញ្ចប់ទិញអាវុធនេះ គឺដើម្បីបង្ហាញដល់សហរដ្ឋអាមេរិកថា កោះតៃវ៉ាន់បានប្តេជ្ញាការពារខ្លួន។
ប្រភពទីពីរបាននិយាយថា កញ្ចប់នេះនឹងរួមបញ្ចូលទាំងមីស៊ីលតម្រង់គោលដៅការពារឆ្នេរសមុទ្រ និងគ្រាប់រ៉ូកែតហ៊ីម៉ាស (Himars)។
ប្រភពខាងលើនិយាយថា កញ្ចប់នោះមានទំហំទឹកប្រាក់ចន្លោះពី៧ ពាន់លានដុល្លារទៅ ១០ ពាន់លានដុល្លារ។
សេតវិមានពុំបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។ ទោះយ៉ាងណាក៏ដោយ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Mike Waltz បាននិយាយថា លោកចង់បង្កើនល្បឿននៃការដឹកជញ្ជូនអាវុធទៅឱ្យកោះតៃវ៉ាន់៕
Leave a Reply