ឧបទ្ទវហេតុរថយន្តក្រុងនៅប្រទេសបូលីវី បណ្តាលឲ្យមនុស្សជាង៣០នាក់ស្លាប់

នគរបាលក្នុងតំបន់ បាននិយាយកាលពីថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ថា គ្រោះថ្នាក់រថយន្តក្រុង នៅក្នុងប្រទេសបូលីវី បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៣១ នាក់ស្លាប់ និងរងរបួសជាច្រើននាក់។

មន្ត្រីនគរបាលបាននិយាយពីមន្ទីរពេទ្យក្នុងតំបន់ថា អ្នកបើកបររថយន្តក្រុង ទំនងជាបានបាត់បង់ការគ្រប់គ្រងរថយន្ត ដែលបណ្តាលឱ្យធ្លាក់ចូលចំណោតជម្រៅជិត៨០០ម៉ែត្រ នៅក្នុងក្រុង Yocalla ភាគនិរតី។

មន្ត្រីម្នាក់មកពីមន្ទីរពេទ្យបាននិយាយនៅតាមវីដេអូ ថា ក្នុងចំណោមអ្នករងរបួសក្នុងឧបទ្ទវហេតុនេះ មនុស្សពេញវ័យ១០នាក់ និងកុមារ៤នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ខណៈជាច្រើននាក់ទៀតស្ថិតនៅក្នុងស្ថានភាពសង្គ្រោះបន្ទាន់។

មន្ត្រីនគរបាលនិយាយថា ផ្លូវតំបន់ភ្នំមានស្ថានភាពបត់បែនច្រើន ហើយល្បឿនលឿនរបស់រថយន្តក្រុង អាចជាកត្តានាំឱ្យមានគ្រោះថ្នាក់នេះ។