សម្តេចតេជោ ហ៊ុន សែន៖ ករណីបណ្ឌិត សុខ ទូច ជាមួយ នគរបាលចរាចរ បានក្លាយជាអាជីវកម្ម ដោយមិនដឹងខ្លួន

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រ​ធា​នព្រឹទ្ធសភា បានលើកឡើងថា ករណីបណ្ឌិត សុខ ទូច ជា​មួ​យ​នគរបាលចរាចរ បានក្លាយជាអាជីវកម្ម ដោយមិនដឹងខ្លួន ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើបណ្ដាញសង្គម នៅថ្ងៃទី១៩ កុម្ភៈ ថា អ្នកមិនចូលចិត្តបណ្ឌិត សុខ ទូច បាន​ថែមអំបិល ប្រហុក ដើម្បីទាញទម្លាក់ បណ្ឌិត សុខ ទូច ។

ឯអ្នកមិនចូលចិត្តនគរបាលចរាចរ ក៏ប្រឹងថែមទឹកត្រី និងប៊ីចេង ដើម្បី​វាយប្រហារនគរបាលចរាចរ ។

តើអ្នកណាជាអ្នកទទួលផលចំណេញលើហេតុការនេះ? គ្មានអ្នក​ណា​ចំណេញនោះឡើយ តែផ្ទុយទៅវិញ គឺខាតទាំង​អស់គ្នា ។

សម្ដេចតេជោ សូមឱ្យបងប្អូនជនរួមជាតិ ក៏ដូចជាអ្នកពាក់ពន្ធ័ សូមបញ្ចប់រឿងនេះ ត្រឹមនេះ តាមរបៀបឈ្នះឈ្នះ និង​សហ​ការ​គ្នា បន្តការងាររៀងៗខ្លួន ។

សម្ដេចតេជោសង្ឃឹមថា អ្នកថែមអំបិល ប្រហុក ទឹកត្រី
ប៊ីចេង​​ បញ្ឈប់ថែមសាំងចាក់លើភ្លើង រាប់ទាំងអ្នកផ្តល់​សារ​មកខ្ញុំ វាយប្រហារម្ខាងៗ ។ បើលុបសារនោះចោលខ្លួនឯង ជាការល្អ ព្រោះខ្ញុំ បានមើលរួចហើយ ៕

ដោយ ៖ វណ្ណលុក