នាយករដ្ឋមន្ត្រី អំពាវនាវ ឱ្យបងប្អូនពលរដ្ឋខ្មែរ ពិសេសយុវជន ធ្វើសកម្មភាព ឬប្រើប្រាស់ពាក្យសម្ដី ដោយការគោរពជាមួយអ្នកដទៃ
(ភ្នំពេញ)៖ សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ជាពិសេស យុវជន ធ្វើសកម្មភាព ឬប្រើប្រាស់ពាក្យសម្ដីជាមួយអ្នកដទៃ ដោយការគោរពគ្នាទៅវិញទៅមក ។ នេះជាការអំពាវនាវរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈបណ្ដាញសង្គមនាព្រឹកថ្ងៃទី៤ មីនា នេះ ។
សម្ដេចបវរធិបតី បានលើកឡើងថា ក្នុងមួយរយៈនេះ ខ្ញុំសង្កេតឃើញមានសកម្មភាពឬការបញ្ចេញមតិរបស់បងប្អូនមួយចំនួន ដែលធ្វើឲ្យប៉ះពាល់ទៅដល់អារម្មណ៍ និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ ជាពិសេសស្ត្រីភេទ។
សម្ដេចគិតថា អ្នកដែលធ្វើសកម្មភាពឬនិយាយមួយចំនួន ប្រហែលជាមិនមានចេតនាអាក្រក់នោះទេ ហើយគ្រាន់តែចង់បានការចាប់អារម្មណ៍ពីសំណាក់អ្នកមើលឬអ្នកស្ដាប់ចំពោះសកម្មភាពឬពាក្យសម្តីរបស់ខ្លួន និងអាចចាត់ទុកថា ជារឿងលេងសើចធម្មតាមិនមានអ្វីធ្ងន់ធ្ងរនោះទេ។
ប៉ុន្តែបងប្អូនមិនបានចាប់អារម្មណ៍ថាសកម្មភាពឬពាក្យសម្ដីទាំងនោះអាចប៉ះពាល់យ៉ាងខ្លាំងទៅដល់អារម្មណ៍ ក៏ដូចជាសេចក្តីថ្លៃថ្នូរបស់អ្នកដែលត្រូវទទួលរងនូវសកម្មភាពឬពាក្យសំដីទាំងនោះទេ។
សម្ដេចនាយករដ្ឋមន្ត្រី សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ជាពិសេសយុវជនធ្វើសកម្មភាពឬប្រើប្រាស់ពាក្យសម្ដីជាមួយអ្នកដទៃដោយការគោរពគ្នាទៅវិញទៅមក និងប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ និងសេចក្តីថ្លៃថ្នូររបស់ខ្មែរយើង ឱ្យស័ក្តិសមជាប្រជាពលរដ្ឋដែលរស់នៅក្នុងសង្គមស៊ីវិល័យ។
បើទោះបីជាសកម្មភាពស្របច្បាប់ឬការបញ្ចេញមតិជាសិទ្ធិរបស់បុគ្គល ប៉ុន្តែការគោរពសិទ្ធិនិងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ គឺជាកាតព្វកិច្ចសីលធម៌របស់យើងទាំងអស់គ្នា និងដែលយើងត្រូវប្រកាន់ខ្ជាប់គ្រប់ពេលវេលា ដើម្បីចូលរួមថែរក្សាសុខដុមនីយកម្មសង្គម ៕
ដោយ វណ្ណលុក
Leave a Reply