នាយករដ្ឋមន្ត្រី អំពាវនាវ ឱ្យបងប្អូនពលរដ្ឋខ្មែរ ពិសេសយុវជន ធ្វើ​សកម្មភាព ឬប្រើប្រាស់ពាក្យសម្ដី ដោយការគោរព​ជាមួយ​អ្នកដទៃ

នាយករដ្ឋមន្ត្រី អំពាវនាវ ឱ្យបងប្អូនពលរដ្ឋខ្មែរ ពិសេសយុវជន ធ្វើ​សកម្មភាព ឬប្រើប្រាស់ពាក្យសម្ដី ដោយការគោរព​ជាមួយ​អ្នកដទៃ

(ភ្នំពេញ)៖ សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ជាពិសេស យុវជន ធ្វើសកម្មភាព ឬប្រើប្រាស់ពាក្យសម្ដីជាមួយអ្នកដទៃ ដោយការគោរពគ្នាទៅវិញទៅមក ។ នេះជាការអំពាវនាវរបស់​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះ​រា​ជា​​ណាចក្រកម្ពុជា តាមរយៈបណ្ដាញសង្គមនាព្រឹកថ្ងៃទី៤ មីនា នេះ ។

សម្ដេចបវរធិបតី បានលើកឡើងថា ក្នុងមួយរយៈនេះ ខ្ញុំសង្កេត​ឃើញមានសកម្មភាពឬការបញ្ចេញមតិរបស់បងប្អូនមួយចំនួន ដែលធ្វើឲ្យប៉ះពាល់ទៅដល់អារម្មណ៍ និងសេចក្តីថ្លៃថ្នូរ​របស់អ្នក​ដទៃ ជាពិសេសស្ត្រីភេទ។

សម្ដេចគិតថា អ្នកដែលធ្វើសកម្មភាពឬនិយាយមួយចំនួន ប្រហែល​​ជាមិនមានចេតនាអាក្រក់នោះទេ ហើយគ្រាន់​តែ​ចង់បាន​ការចាប់អារម្មណ៍ពីសំណាក់អ្នកមើល​ឬអ្នក​ស្ដាប់​ចំពោះសកម្មភាពឬពាក្យសម្តីរបស់ខ្លួន និងអាចចាត់ទុកថា ជារឿងលេងសើចធម្មតាមិនមានអ្វីធ្ងន់ធ្ងរនោះទេ។

ប៉ុន្តែបងប្អូនមិនបានចាប់អារម្មណ៍ថាសកម្មភាពឬពាក្យសម្ដីទាំងនោះអាចប៉ះពាល់យ៉ាងខ្លាំងទៅដល់អារម្មណ៍ ក៏ដូចជា​សេចក្តី​ថ្លៃថ្នូរបស់អ្នកដែលត្រូវទទួលរងនូវសកម្មភាពឬពាក្យសំដីទាំងនោះទេ។

សម្ដេចនាយករដ្ឋមន្ត្រី សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ​ទាំងអស់ជាពិសេសយុវជនធ្វើសកម្មភាពឬប្រើប្រាស់ពាក្យសម្ដីជាមួយអ្នកដទៃដោយការគោរពគ្នាទៅវិញទៅមក និងប្រកាន់​ខ្ជាប់​នូវសីលធម៌ គុណធម៌ និងសេចក្តីថ្លៃថ្នូររបស់ខ្មែរយើង ឱ្យ​ស័ក្តិសមជាប្រជាពលរដ្ឋដែលរស់នៅក្នុងសង្គមស៊ីវិល័យ។

បើទោះបីជាសកម្មភាពស្របច្បាប់ឬការបញ្ចេញមតិជាសិទ្ធិរបស់បុគ្គល ប៉ុន្តែការគោរពសិទ្ធិនិងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ គឺជា​កាតព្វ​កិច្ចសីលធម៌របស់យើងទាំងអស់គ្នា និងដែលយើងត្រូវ​ប្រកាន់ខ្ជាប់គ្រប់ពេលវេលា ដើម្បីចូលរួមថែរក្សាសុខដុម​នីយកម្មសង្គម ៕

ដោយ វណ្ណលុក