លោក Zelensky បង្ហាញក្ដីសង្ឃឹមទុកជាមុនថានឹងពោពេញដោយអត្ថន័យក្នុងកិច្ចចរចាជាមួយអាមេរិកសប្តាហ៍ក្រោយ

លោកប្រធានាធិបតី Volodymyr Zelensky បាននិយាយថា កិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែន នឹងធ្វើឡើងនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ក្នុងសប្តាហ៍ក្រោយ ដោយសម្តែងក្តីសង្ឃឹមទុកជាមុនថា ជំនួបនោះនឹងក្លាយជាកិច្ចប្រជុំពោពេញដោយអត្ថន័យ ស្របពេលមេដឹកនាំដែលកំពុងរងសម្ពាធពីអាមេរិក ផង និងរុស្ស៊ីផង រូបនេះ បានចូលរួមជាមួយជំនួបបន្ទាន់របស់ក្រុមមេដឹកនាំសហភាពអឺរ៉ុបពិភាក្សាការគាំទ្រអ៊ុយក្រែន និងក្ដីកង្វល់ការបង្កជំនួយរបស់អាមេរិក។

មេដឹកនាំអ៊ុយក្រែនរូបនេះ ដែលនឹងមានវត្តមាននៅក្នុងព្រះរាជាណាចក្រឈូងសមុទ្រដែរ ប៉ុន្តែមិនចូលរួមក្នុងកិច្ចពិភាក្សានោះ បាននិយាយថាទីក្រុង Kyiv កំពុងធ្វើការដើម្បីឈានដល់សន្តិភាពឆាប់រហ័ស និងយូរអង្វែង ។

បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក Donald Trump លោក Steve Witkoff បាននិយាយថា ក្រុមការងារសហរដ្ឋអាមេរិកចង់ពិភាក្សាអំពីក្របខ័ណ្ឌសម្រាប់សន្តិភាព ដើម្បីព្យាយាមបញ្ចប់សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន។

កាលពីថ្ងៃសុក្រសប្តាហ៍មុនលោក Zelensky និងលោក Trump បានប៉ះទង្គិចគ្នាជាសាធារណៈនៅឯសេតវិមាន អំឡុងលោក Trump បាននិយាយថា Zelensky ពុំទាន់ត្រៀមខ្លួនរួចរាល់ដើម្បីបញ្ចប់ការប្រយុទ្ធគ្នានៅឡើយទេ។នៅប្ដាហ៍នេះ សហរដ្ឋអាមេរិក បានបន្តផ្អាកជំនួយយោធាដល់អ៊ុយក្រែន និងបញ្ឈប់ការចែករំលែកព័ត៌មានចារកម្ម។

ប្រធានាធិបតីអ៊ុយក្រែន បានបង្ហាញការសោកស្ដាយចំពោះជម្លោះពាក្យសម្ដី ជាមួយអ្នកគាំទ្រសំខាន់របស់ខ្លួន និងបានព្យាយាមផ្សះផ្សាទំនាក់ទំនងជាមួយអាមេរិក ។

កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះលោក Witkoff បានទទួលលិខតមួយច្បាប់ពីលោក Zelensky សុំអភ័យទោស និងបង្ហាញការដឹងគុណចំពោះសហរដ្ឋអាមេរិក៕