ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ (០៦ មីនា) បានផ្អាកពន្ធដំឡើងថ្មី ២៥% ដែលលោកបានដាក់ក្នុងសប្តាហ៍នេះ លើទំនិញភាគច្រើនមកពីកាណាដា និងម៉ិកស៊ិក ដែលជាស្ថានការណ៍ប្រែប្រួលចុងក្រោយបំផុតនៅក្នុងគោលនយោបាយពាណិជ្ជកម្មមិនទៀតទាត់របស់លោក ដែលធ្វើឱ្យទីផ្សារហិរញ្ញវត្ថុរំជើបរំជួល និងជំរុញក្ដីបារម្ភអតិផរណា និងការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ច។
ការលើកលែង ដែលគ្របដណ្តប់លើដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់សហរដ្ឋអាមេរិកទាំងពីរនេះ នឹងផុតកំណត់នៅថ្ងៃទី០២ ខែមេសា ជាពេលវេលាដែលលោក Trump បានគម្រាមបើកទំព័ររបបពន្ធបដិការលើដៃគូពាណិជ្ជកម្មទាំងអស់របស់អាមេរិក។ ជាការឆ្លើយតប កាណាដានឹងពន្យារការគ្រោងទុករលកទីពីរនៃពន្ធសងសឹកលើផលិតផលអាមេរិកចំនួន ១២៥ពាន់លានដុល្លារកាណាដា រហូតដល់ថ្ងៃទី០២ ខែមេសា ដូចគ្នានោះ។
គួរបញ្ជាក់ថា លោក Trump បានដំឡើងពន្ធ ២៥% លើការនាំចូលពីប្រទេសទាំងពីរនេះកាលពីថ្ងៃអង្គារ ហើយបានលើកលែងពន្ធលើក្រុមហ៊ុនផលិតរថយន្តមួយចំនួនសម្រាប់តែម៉ិកស៊ិកប៉ុណ្ណោះកាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែវិសោធនកម្មដែលលោកចុះហត្ថលេខានៅរសៀលថ្ងៃព្រហស្បតិ៍ បានគ្របដណ្តប់ការលើកលែងដល់កាណាដាផងដែរ។ ប្រទេសជិតខាងទាំងបីនេះគឺជាដៃគូនៅក្នុងកតិកាសញ្ញាពាណិជ្ជកម្មអាមេរិកខាងជើង។
សម្រាប់កាណាដា កំណែថ្មីរបស់សេតវិមានដែលបានធ្វើវិសោធនកម្មនេះ មិនរាប់បញ្ចូលពន្ធលើសារធាតុប៉ូតាស្យូម ដែលជាជីដ៏សំខាន់សម្រាប់កសិករអាមេរិកនោះទេ ប៉ុន្តែក៏មិនគ្របដណ្តប់ទាំងស្រុងលើផលិតផលថាមពលដែរ ដែលលោក Trump បានដាក់ពន្ធ ១០% ដាច់ដោយឡែកពីគ្នា៕
Leave a Reply