(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានអញ្ជើញជាអធិបតី បំពាក់ឋានន្តរសក្តិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ ជូនសម្ដេចពិជ័យសេនា ទៀ បាញ់ និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ នៅទីស្ដីការគណៈរដ្ឋមន្រ្តី ។
ពិធីនេះ បានធ្វើឡើងក្រោយពីសម្ដេចទាំង ២រូប បានទទួលនូវការសព្វព្រះទ័យប្រោសប្រទាន ពីព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រាស់បង្គាប់ ដំឡើងឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ» កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥កន្លងទៅ ។
សូមជម្រាបថា សម្តេចពិជ័យសេនា ទៀ បាញ់ និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បច្ចុប្បន្ន គឺជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដូចគ្នា ។ សម្ដេចទាំង ២រូប សុទ្ធសឹងតែជាឥស្សរជនឆ្នើមមានគុណបំណាច់ និងស្នាដៃដ៏ធំធេងរបស់ជាតិ ដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ពុះពារគ្រប់ឧបសគ្គប្រកបដោយឆន្ទៈមនសិការ ស្នេហាជាតិ និងគំរូវីរភាពខ្លាំងក្លា ក្នុងបុព្វហេតុរំដោះជាតិមាតុភូមិ ប្រជាជនពីរបបប្រល័យពូជសាសន៍ និងជាប្រតិបត្តិករ មានសមត្ថភាពក្នុងការអនុវត្តគោលនយោបាយឈ្នះឈ្នះ នាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពទឹកដី សន្តិភាព សុវត្ថិភាព របស់ប្រជាជន ហើយបាននិងកំពុងបំពេញបេសកកម្មយ៉ាងសកម្ម កសាងសមិទ្ធផលសង្គមជាច្រើន រួមចំណែកធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព វឌ្ឍនភាព ប្រជាធិបតេយ្យពេញលេញ ក្នុងដំណើរឆ្ពោះទៅកាន់នីតិរដ្ឋដ៏រឹងមាំ និងអភិបាលកិច្ចល្អ ។
សម្តេចតេជោ ហ៊ុន សែន បានសម្តែងភាពរីករាយ ដែលក្នុងតំណែងជាប្រមុខរដ្ឋស្តីទីបំពាក់ឋានន្តរស័ក្តិថ្នាក់ នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ ជូនសម្តេចពិជ័យសេនា ទៀ បាញ់ និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នាពេលនេះ ។ សម្តេច ថា អ្នកបំពាក់ឋានន្តរស័ក្តិផ្កាយមាស៥ នាពេលនេះ គឺបានចូលបម្រើការងារមិនក្រោម ៥៥ឆ្នាំនោះទេ ដែលសម្តេចតេជោ និងសម្តេចម៉ែន សំអន ចូលធ្វើទាហានដំណាលគ្នា ខណៈសម្តេចតេជោ រំលឹកថា សម្តេចបានស្គាល់ សម្តេចម៉ែន សំអន ពេលដែលសម្តេច បានដើររកភរិយារបស់សម្តេច ។
សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកដែរថា សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើជារដ្ឋមន្រ្តីការពារជាតិ ៣៥ឆ្នាំ ហើយពេលមានសម្ដេច ទៀ បាញ់ ម្នាក់ ប្រៀបដូចជាមានទាហានមួយកងពល ហើយបើនិយាយពីនយោបាយឈ្នះឈ្នះ បើគ្មានសម្តេចពិជ័យសេនា ទៀ បាញ់ ទេ សម្ដេច មិនប្រាកដថា នឹងជោគជ័យ ឬអត់នោះទេ ៕
Leave a Reply