មេដឹកនាំកូរ៉េខាងជើង ត្រួតពិនិត្យការសាកល្បងយានដ្រូនអត្តឃាតបំពាក់បច្ចេកវិទ្យា AI ដ៏ទំនើប

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ (២៧ មីនា) នេះថា មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានត្រួតពិនិត្យការសាកល្បងយានដ្រូនអត្តឃាតបំពាក់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ហើយបាននិយាយថា យានដ្រូនប្រើប្រព័ន្ធបញ្ជា និងសមត្ថភាព AI ត្រូវតែជាអាទិភាពចម្បងនៅក្នុងការអភិវឌ្ឍអាវុធទំនើប។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បាននិយាយថា លោក Kim បានត្រួតពិនិត្យយានដ្រូនឈ្លបយកការណ៍ដ៏ទំនើប ដែលមានសមត្ថភាពអាចរកឃើញគោលដៅយុទ្ធសាស្ត្រផ្សេងៗ និងសកម្មភាពរបស់សត្រូវនៅលើដីគោក និងនៅសមុទ្រ។

លើសពីនេះ កូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរ ក៏បានបង្ហាញជាផ្លូវការនូវយន្តហោះឯកទេសពិសេសបំពាក់ដោយរ៉ាដាចាប់សញ្ញាជាលើកដំបូង ដែលជាសមត្ថភាពមួយអាចកែលម្អប្រព័ន្ធការពារដែនអាកាសដ៏ចំណាស់របស់ខ្លួន។

ដោយប្រើរូបភាពផ្កាយរណបពាណិជ្ជកម្ម ក្រុមអ្នកវិភាគធ្លាប់រាយការណ៍ថា កូរ៉េខាងជើងកំពុងបម្លែងយន្តហោះដឹកទំនិញ Il-76 ផលិតដោយរុស្ស៊ី ឱ្យទៅជាយានមានតួនាទីចាប់សញ្ញាព្រមានពិសេស។

វិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្ររបស់ទីក្រុងឡុងដ្រ៍ បាននិយាយនៅក្នុងរបាយការណ៍មួយកាលពីខែកញ្ញាថា យន្តហោះបែបនេះនឹងជួយបង្កើនប្រព័ន្ធរ៉ាដានៅលើដីគោកដែលមានស្រាប់របស់កូរ៉េខាងជើង ដែលជួនកាលជួបឧបសគ្គដោយសារតែសណ្ឋានដីតំបន់ភ្នំនៃឧបទ្វីបនេះ៕