NEA រៀបចំវេទិកាការងារ ដោយនាំយកឱកាសការងារថ្មី​បន្ថែម​ទៀតចំនួន ៨៨៩កន្លែង សម្រាប់យុវជន

(ភ្នំពេញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការ​ជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ សន្តិសុខ​សង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំ​វេទិកាការងារ និងឱកាសកម្មសិក្សាការងារ នៅថ្ងៃព្រហស្ប​តិ៍ ទី២៧ ខែមីនា ឆ្នាំ២០២៥នេះ ដោយនាំយកក្រុមហ៊ុន​ធំៗ​ចំនួន៩ ដើម្បីផ្តល់ឱកាសការងារថ្មីបន្ថែមទៀតចំនួន ៨៨៩ កន្លែង សម្រាប់យុវជន សិស្ស/និស្សិត និង​អ្នក​កំពុងស្វែងរកការងារធ្វើ។

ក្រុមហ៊ុនធំៗទាំង៩ ដែលនឹងចូលរួមក្នុងវេទិកាការងារនេះ​មានដូចជា៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជេកស៍ (ខេមបូឌា) ម.ក, ត្រាំ ហ្វីតនេស ឯ.ក, ហ្គោលហ្វាយ​នេនសល់​គ្លូប៊ល​អ៊ិន​វេសម៉ិន,គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី, ក្រុមហ៊ុន Goodhill, ក្រុមហ៊ុន ស៊ីថេប សូសល អេនធើប្រាយ ឯ.ក, ក្រុមហ៊ុន ទន្សាយ Tunsai Cleaning, ក្រុមហ៊ុន ចម&លី ខបភើរេសិន (ប្រ៊េដថកកម្ពុជា), ក្រុមហ៊ុន លី ហួរ អេស ប៊ី អាយ អ៊ិនសួរេន ម.ក។

លោក ហេម ប៊ុណ្ណារិទ្ធិ មន្ត្រីជ្រើសរើសបុគ្គលិកជាន់ខ្ពស់ នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK បានលើកឡើងថា វេទិកាការងារដែលរៀបចំដោយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ គឺពិតជាមានគុណប្រយោជន៍យ៉ាងច្រើន សម្រាប់​យុវជន បេក្ខជន បេក្ខនារី និង អ្នកកំពុងស្វែងរកការងារ ដោយពួកគាត់អាចមានឱកាសជួបផ្ទាល់ សម្ភាសផ្ទាល់ ជាមួយតំណាងក្រុមហ៊ុនជាច្រើនដែលកំពុងមានតម្រូវការជ្រើសរើសបុគ្គលិកក្នុងពេលតែមួយ។

លោក ហេម ប៊ុណ្ណារិទ្ធិ បន្តថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK នឹងមានឱកាសការងារ និងកម្មសិក្សាការងារជាង ១៥០កន្លែង ដែលមានទាំងផ្នែកគាំទ្រ និងផ្នែកលក់​ផងដែរ​សម្រាប់វេទិកាការងារស្អែកនេះ។ លើសពីនេះទៅទៀត ក៏បានអំពាវនាវដល់យុវជន សិស្ស/និស្សិត និងអ្នកកំពុង​តែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ សូមយក​ប្រវត្តិ​រូបសង្ខេប (CV) ដើម្បីដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយ AMK និងតំណាងក្រុមហ៊ុនដទៃទៀតបាន ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ៥:០០ល្ងាច នៅក្នុងបរិវេណ​ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងារ​រាជធានីភ្នំពេញរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨ ៦៦ ៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕

ដោយ ង៉ាន់ ទិត្យ