អ្នកស្លាប់កើនឡើងដល់ជាង១៥០នាក់ក្នុងគ្រោះរញ្ជួយដីដ៏ខ្លាំងក្លា នៅមីយ៉ាន់ម៉ា និងប្រទេសថៃ

អាជ្ញាធរបាននិយាយថា មនុស្សយ៉ាងហោចណាស់១៤៤នាក់ បានស្លាប់នៅក្នុងសហភាពមីយ៉ាន់ម៉ាតែមួយ និងជាង៧៣០នាក់បានរងរបួស។ ការរញ្ជួយដីដ៏ខ្លាំងក្លាបានបណ្តាលឲ្យមនុស្សជាង១៤០នាក់នៅក្នុងសហភាពមីយ៉ាន់ម៉ាស្លាប់កាលពីថ្ងៃសុក្រ ទី២៨ ខែមីនា និងបានធ្វើឲ្យអគារបាក់រលំ បំផ្លាញហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងតំបន់ដ៏ធំទូលាយ និងបានធ្វើឲ្យអគារខ្ពស់ដែលកំពុងសាងសង់នៅក្នុងប្រទេសថៃដែលនៅជិតខាង បានបាក់រលំ។

ការបំផ្លិចបំផ្លាញភាគច្រើនគឺនៅទីក្រុង Mandalay ជាទីក្រុងធំទីពីររបស់សហភាពមីយ៉ាន់ម៉ា ស្ថិតនៅជិតចំណុចកណ្តាលនៃការរញ្ជួយដីកម្រិត៧,៧រិចទ័រ ដែលបានវាយប្រហារនៅពេលទទួលទានអាហារថ្ងៃត្រង់ ហើយក្រោយមកបានបន្តរញ្ជួយក្នុងកម្រិខ្លាំង និងកម្រិតមធ្យមជាច្រើនផ្សេងទៀត។

អ្នកជួយសង្គ្រោះម្នាក់មកពីទីក្រុង Amarapura ជាទីក្រុងបុរាណ ដែលបច្ចុប្បន្នជាសង្កាត់មួយរបស់ទីក្រុងMandalay បាននិយាយថា សាកសពមនុស្សចំនួន៣០នាក់ត្រូវបានគេរកឃើញនៅប្លុកអគារលំនៅឋានច្រើនជាន់មួយដែលបានបាក់រលំ។ អ្នកជួយសង្គ្រោះនិយាយថា «យើងបានទទួលការហៅទូរស័ព្ទរកជំនួយពីមនុស្សនៅខាងក្នុង ប៉ុន្តែយើងពុំអាចជួយបានទេ ព្រោះយើងពុំមានកម្លាំងមនុស្ស និងម៉ាស៊ីនគ្រប់គ្រាន់ដើម្បីទាញយកកម្ទេចកម្ទីចេញ ប៉ុន្តែយើងនៅតែដំណើរជួយសង្គ្រោះ»។ ឧត្តមសេនីយ៍ លោក Min Aung Hlaing មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា បាននិយាយថា នឹងមានអ្នកស្លាប់ និងរបួសកាន់តែច្រើនថែមទៀត ហើយលោកបានអញ្ជើញ «ប្រទេសណាក៏ដោយ» ឱ្យផ្តល់ជំនួយ និងការបរិច្ខាគផ្សេងៗ។

ថ្លែងនៅសេតវិមាននៅល្ងាចថ្ងៃសុក្រ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយថា លោកបាននិយាយទៅកាន់មន្ត្រីនៅមីយ៉ាន់ម៉ា ហើយរដ្ឋបាលរបស់លោកនឹងផ្តល់ជំនួយមួយចំនួន ដោយនិយាយថា «យើងនឹងជួយ»។ រីឯនៅក្នុងរាជធានីបាងកក មន្ត្រីម្នាក់បាននិយាយថា មនុស្សយ៉ាងហោចណាស់ ៩ នាក់បានស្លាប់ ខណៈ ក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកតាមគំនរបាក់បែកដែលអគារបានបាក់រលំ។