មីយ៉ាន់ម៉ា អំពាវនាវរកជំនួយបន្ទាប់ពីរញ្ជួយដី ខណៈនៅប្រទេសថៃមនុស្សជាង៨០នាក់នៅតែជាប់ខ្លួនក្នុងអគារបាក់រលំ

គ្រោះរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រ បានវាយប្រហារសហភាពមីយ៉ាន់ម៉ាភាគកណ្កាល កាលពីថ្ងៃសុក្រ បង្កឱ្យមានការភ័យស្លន់ស្លោ និងការបំផ្លិចបំផ្លាញយ៉ាងច្រើន។

ប្រជាជន បានភៀសខ្លួនចេញពីអគារនានា ខណៈដីបានញ័រ ដោយមានការរញ្ជួយមិនត្រឹមតែនៅក្នុងសហភាពមីយ៉ាន់ម៉ាប៉ុណ្ណោះទេ ប៉ុន្តែក៏មានរញ្ជួយនៅក្នុងប្រទេសថៃ និងផ្នែកមួយចំនួនៀតនៅប្រទេសចិន។

រដ្ឋាភិបាលមីយ៉ាន់ម៉ា បានប្រកាសរដ្ឋក្នុងគ្រាអាសន្ននៅក្នុងតំបន់ និងរដ្ឋ ដែលរងផលប៉ះពាល់ រួមទាំងទីក្រុង Naypyidaw និង Mandalay ហើយបានធ្វើសំណើដ៏កម្រដើម្បីសុំជំនួយមនុស្សធម៌អន្តរជាតិ។

នៅរាជធានីបាងកករបស់ប្រទេសថៃ ត្រូវបានប្រកាសថាជាតំបន់គ្រោះមហន្តរាយ ដែលក្រុមអ្នកជួយសង្គ្រោះកំពុងជួយនាំយកកម្មករដែលជាប់ខ្លួនជាង៨០នាក់ចេញ បន្ទាប់ពីអគារខ្ពស់កប់ពពកកំពុងសាងសង់ បានបាក់រលំ។