[UPDATE] ឱកាសនៅរស់ជិតអស់ ក្រោយផុតរយៈពេល៧២ បន្ទាប់ពីរញ្ជួយដីសម្លាប់មនុស្សជាង២.០០០នាក់នៅមីយ៉ាន់ម៉ា និងថៃ

ក្រុមអ្នកជួយសង្គ្រោះក្នុងសហភាពមីយ៉ាន់ម៉ានិងប្រទេសថៃកំពុងប្រជែងពេលវេលាដើម្បីជួយសង្រ្គោះមនុស្សដែលអាចនៅតែត្រូវបានកប់ទាំងរស់បន្ទាប់ពីគ្រោះរញ្ជួយដីកាលពីថ្ងៃសុក្រសប្ដាហ៍មុន។

មនុស្សរាប់រយនាក់កំពុងបាត់ខ្លួនបន្ទាប់ពីការរញ្ជួយដីដែលបានបណ្តាលឱ្យមានការខូចខាតដ៏មហន្តរាយ និងបានសម្លាប់មនុស្សប្រហែលជាង២.០០០នាក់ ទន្ទឹមនឹងចំនួនអ្នកស្លាប់ ត្រូវគេរំពឹងថានឹងកើនឡើងថែមទៀត។

នៅមីយ៉ាន់ម៉ា អ្នកស្លាប់បានហក់ឡើងដល់២.០៥៦នាក់ របួសចំនួន៣.៩០០នាក់ និងបាត់ខ្លួន ២៧០នាក់ ហើយប្រទេសនេះ នឹងប្រារព្ធពិធីស្ងៀមស្ងាត់មួយនាទីដើម្បីរម្លឹកដល់ជនរងគ្រោះ។

កាលពីព្រឹកថ្ងៃចន្ទដើមសប្ដាហ៍នេះ មនុស្សជាច្រើននៅតែត្រូវគេបារម្ភថាជាប់នៅក្រោមគំនរបាក់បែកនៃអគារដែលបាក់រលំ ខណៈអ្វីដែលគេហៅថាឱកាសមាស សម្រាប់ជួយសង្គ្រោះអ្នករស់រានមានជីវិតបានកន្លងផុតទៅហើយ។

បីថ្ងៃដំបូងបន្ទាប់ពីការរញ្ជួយដីគឺជាពេលដ៏សំខាន់សម្រាប់ការជួយសង្គ្រោះអ្នកដែលជាប់ខ្លួនក្នុងកម្ទេចថ្ម ព្រោះជាធម្មតាមនុស្សអាចរស់បានតែពីរបីថ្ងៃប៉ុណ្ណោះដោយគ្មានទឹក។

លោក Kyaw Kyaw បុគ្គលិកសង្គ្រោះបានប្រាប់សារព័ត៌មាន The Telegraph ថា ពួកគេនៅតែបន្តកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ ប៉ុន្តែចាប់តាំងពី ឱកាសមាស ដ៏សំខាន់បំផុតរយៈពេល ៧២ ម៉ោងបានកន្លងផុតទៅ ពួកគេអាចសង្ឃឹមថានឹងរកឃើញអ្នកដែលជាប់ខ្លួននៅមានជីវិត។ យើងកំពុងប្រឹងប្រែងអស់ពីសមត្ថភាព។

ចំណែកនៅប្រទេសថៃ លោកស្រី Tavida Kamolvej អភិបាលរងក្រុងបាងកក បាននិយាយថា សញ្ញានៃការនៅរស់រានមានជីវិតត្រូវបានគេរកឃើញនៅក្រោមគំនរបាក់បែកនៃអគារដ៏ខ្ពស់មួយកំពុងសាងសង់នៅពេលរញ្ជួយដីបានវាយប្រហារ។ លោកស្រី បាននិយាយថាពួកគេ ត្រូវតែបង្កើនល្បឿន និងមិនត្រូវឈប់ទេ ទោះបីក្រោយរយៈពេល ៧២ ម៉ោងក៏ដោយ៕