លោក Trump គំរាមដំឡើងពន្ធ ៥០% បន្ថែមទៀតលើចិន និងបញ្ចប់រាល់ការពិភាក្សា

លោកប្រធានាធិបតីអាមេរិក Donald Trump បានគំរាមដំឡើងពន្ធបន្ថែមទៀតលើប្រទេសចិនកាលពីថ្ងៃចន្ទ ទី៧ មេសា ដោយបង្កើនលទ្ធភាពនៃការកើនឡើងបន្ថែមទៀតនៅក្នុងសង្គ្រាមពាណិជ្ជកម្មដែលបានធ្វើឲ្យខាតបង់ប្រាក់រាប់ពាន់លានដុល្លារពីទីផ្សារពិភពលោករួចហើយ។

ទីក្រុងប៉េកាំង បានរិះគន់ការដំឡើងពន្ធរបស់សហរដ្ឋអាមេរិកជាយូរមកហើយថាជា “ការគំរាមកំហែងឯកតោភាគី” ។

លោក Trump បាននិយាយថាលោកនឹងដំឡើងពន្ធបន្ថែម៥០ ភាគរយលើការនាំចូលរបស់សហរដ្ឋអាមេរិកពីប្រទេសចិននៅថ្ងៃពុធសប្ដាហ៍នេះ ប្រសិនបើសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោកមួយនេះ មិនដកការដំឡើងពន្ធ៣៤ ភាគរយដែលខ្លួនបានដាក់លើផលិតផលអាមេរិកកាលពីសប្តាហ៍មុន។ ការដំឡើងពន្ធរបស់ចិនទាំងនោះបានឆ្លើយតបទៅនឹង៣៤ភាគរយនៃការដំឡើងពន្ធបដិការឬការយកពន្ធស្មើគ្នាទៅវិញទៅមក ដែលប្រកាសដោយលោក Trump ។

លោកបានសរសេរនៅលើបណ្តាញសង្គមថា រាល់កិច្ចពិភាក្សាជាមួយចិនទាក់ទងនឹងកិច្ចប្រជុំដែលបានស្នើសុំរបស់ពួកគេជាមួយយើងនឹងត្រូវបញ្ចប់។

សេចក្តីប្រកាសនេះបានដុតបន្ថែមភាពចលាចលថែមទៀតចូលទៅក្នុងទីផ្សារហិរញ្ញវត្ថុពិភពលោក ដែលបានធ្លាក់ចុះជាលំដាប់ចាប់តាំងពីការប្រកាសរបស់លោក Trump ។

ការដំឡើងពន្ធ១០ ភាគរយបានចូលជាធរមានលើការនាំចូលទាំងអស់ទៅក្នុងទីផ្សារអ្នកប្រើប្រាស់ដ៏ធំបំផុតរបស់ពិភពលោកមួយនេះ កាលពីថ្ងៃសៅរ៍ ហើយពន្ធដែលបានកំណត់រហូតដល់ ៥០ ភាគរយនឹងត្រូវអនុវត្តនៅថ្ងៃពុធសប្ដាហ៍នេះ៕