ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានបញ្ជាក់ជាលើកដំបូងកាលពីថ្ងៃចន្ទ (០៧ មេសា) ថា ទាហានអ៊ុយក្រែន កំពុងតែសកម្មនៅក្នុងតំបន់ Belgorod របស់រុស្ស៊ី ខណៈពួកគេស្វះស្វែងរកការការពារទីប្រជុំជនអ៊ុយក្រែន នៅជិតព្រំដែន។
ទាហានអ៊ុយក្រែន នៅតែស្ថិតក្នុងផ្នែកខ្លះនៃតំបន់ Kursk របស់រុស្ស៊ី ដែលនៅជិតខាងនោះ រយៈពេល ៨ខែបន្ទាប់ពីការវាយលុកឆ្លងព្រំដែន ទោះបីជាកងកម្លាំងរុស្ស៊ី បានដណ្តើមយកទឹកដីដែលបាត់បង់ជាច្រើនមកវិញក៏ដោយ។
នៅក្នុងសុន្ទរកថាវីដេអូពេលយប់របស់ខ្លួន លោក Zelenskiy បាននិយាយថា មេបញ្ជាការជាន់ខ្ពស់របស់អ៊ុយក្រែន លោក Oleksandr Syrskyi បានបង្ហាញរបាយការណ៍ “នៅជួរមុខ ដែលមានវត្តមានរបស់ទាហានអ៊ុយក្រែន នៅក្នុងតំបន់ Kursk និងនៅក្នុងតំបន់ Belgorod”។ លោកបន្តថា “គោលបំណងសំខាន់នៅតែដដែល គឺដើម្បីការពារទឹកដី និងសហគមន៍របស់អ៊ុយក្រែន នៅក្នុងតំបន់ Sumy និង Kharkiv ពីកងកម្លាំងរុស្ស៊ី”។
លោក Zelenskiy បានបញ្ជាក់ឡើងវិញថា ទោះបីជារុស្ស៊ី បានដណ្តើមយកតំបន់ Kursk មកវិញក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះក៏ដោយ ក៏ប្រតិបត្តិការនេះបានជោគជ័យ ដោយសារទ័ពទីក្រុងគីវបានអូសទាញកងកម្លាំងរុស្ស៊ី ចេញពីជួរមុខសំខាន់នៃសង្រ្គាមនៅក្នុងតំបន់ Donetsk របស់អ៊ុយក្រែន៕
Leave a Reply