ឯកឧត្តម កែវ រតនៈ ស្នើឱ្យមានការគ្រប់គ្រងអភិរក្សដីតំបន់បឹងព្រះពន្លៃឱ្យបានគង់វង្ស ជាសម្បត្តិរួម

បឹងព្រះពន្លៃ ដែលមានមានឈ្មោះដើមថា បឹងព្រះពន្លាជ័យ គឺជាបឹងធម្មជាតិ មួយ​ដ៏​ធំ​លាត​សន្ធឹង​លើ​ផ្ទៃ​ដី២៧០ហិកតា ស្ថិតក្នុងឃុំផ្ទះរុង ស្រុកតាលោសែនជ័យ មានចម្ងាយ​២៨​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​ពោធិ៍សាត់ បឹងនេះជាតំបន់អេកូទេសចរណ៍មួយដ៏ទាក់ទាញ ព្រោះជាជំរំសត្វស្លាប និង​ជីវ​ចម្រុះ​ច្រើន​ប្រភេទ ។

ដោយសារបឹងព្រះពន្លៃគឺជាសម្បត្តិធម្មជាតិដ៏មានសក្កានុពល របស់ស្រុកតាលោសែនជ័យ ដែល​អាច​ផ្តល់​អត្ថប្រយោជន៍យូរអង្វែងដល់ប្រជាពលរដ្ឋ ថ្មីៗឯកឧត្តម កែវ រតនៈ ប្រធានក្រុម​ការងារ​រាជ​រដ្ឋាភិបាល​ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ បានស្នើ​ឱ្យមាន​ការ​គ្រប់គ្រង​អភិរក្ស​ដី​តំបន់​បឹង​ព្រះពន្លៃ​ឱ្យ​បានគង់វង្ស ជាសម្បត្តិរួម ហើយបឹងធម្មជាតិនេះ​មិន​មែន​ជា​កម្ម​សិទ្ធ​ផ្តាច់​មុខ​របស់​ប្រជាពលរដ្ឋ​ខេត្តពោធិ៍សាត់ ឬជនណាម្នាក់ឡើង វាគឺជាសម្បត្តិរួមរបស់ប្រជាជនកម្ពុជាទាំងមូល ប្រសិនបើយើងទាំងអស់គ្នា មិនអាចថែរក្សាបានគឺមានមានន័យថាយើងគ្មានមាយាទ ។

ក្នុងនោះដែរ រដ្ឋបាលខេត្តពោធិ៍សាត់ បានសម្រេចបង្កើតក្រុមការងារដើម្បីចុះត្រួតពិនិត្យ និងធ្វើ​បច្ចុប្បន្ន​ភាព​តំបន់បឹងព្រះពន្លៃ ដើម្បីកសាងផែនទី ក្នុងការស្នើសុំកំណត់ទំហំផ្ទៃបឹងឡើងវិញ និង​រៀប​ចំ​ផែនការ គ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សវប្បធម៌ប្រវត្តិសាស្ត្រ ក្នុងតំបន់បឹងព្រះពន្លៃ ដោយ​ធ្វើ​ការអប់រំ ផ្សព្វផ្សាយ ឱ្យបានទូលំទូលាយ ការកាប់បំផ្លាញព្រៃឈើ ការចាប់សត្វព្រៃ និង​ការ​រុក​រានទន្ទ្រានដីយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ ដោយបច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​រស់នៅ​អាស្រ័យ​ផល ជុំវិញមាត់បឹងចំនួន២៦០ក្បាលដី ស្មើនឹង២៤២ហិកតា គិតជាគ្រួសារ​មាន​ចំនួន​២១៦​គ្រួសារ ហើយអាងទឹកបឹងព្រះពន្លៃនេះ អាចស្រោចស្រពលើផ្ទៃដីស្រូវវស្សា បានពី៦៥០០​ហិកតា​ទៅ​១០.០០០ហិកតា និងស្រូវប្រាំង៤២០០ហិកតា ៕