បឹងព្រះពន្លៃ ដែលមានមានឈ្មោះដើមថា បឹងព្រះពន្លាជ័យ គឺជាបឹងធម្មជាតិ មួយដ៏ធំលាតសន្ធឹងលើផ្ទៃដី២៧០ហិកតា ស្ថិតក្នុងឃុំផ្ទះរុង ស្រុកតាលោសែនជ័យ មានចម្ងាយ២៨គីឡូម៉ែត្រពីទីរួមខេត្តពោធិ៍សាត់ បឹងនេះជាតំបន់អេកូទេសចរណ៍មួយដ៏ទាក់ទាញ ព្រោះជាជំរំសត្វស្លាប និងជីវចម្រុះច្រើនប្រភេទ ។
ដោយសារបឹងព្រះពន្លៃគឺជាសម្បត្តិធម្មជាតិដ៏មានសក្កានុពល របស់ស្រុកតាលោសែនជ័យ ដែលអាចផ្តល់អត្ថប្រយោជន៍យូរអង្វែងដល់ប្រជាពលរដ្ឋ ថ្មីៗឯកឧត្តម កែវ រតនៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ បានស្នើឱ្យមានការគ្រប់គ្រងអភិរក្សដីតំបន់បឹងព្រះពន្លៃឱ្យបានគង់វង្ស ជាសម្បត្តិរួម ហើយបឹងធម្មជាតិនេះមិនមែនជាកម្មសិទ្ធផ្តាច់មុខរបស់ប្រជាពលរដ្ឋខេត្តពោធិ៍សាត់ ឬជនណាម្នាក់ឡើង វាគឺជាសម្បត្តិរួមរបស់ប្រជាជនកម្ពុជាទាំងមូល ប្រសិនបើយើងទាំងអស់គ្នា មិនអាចថែរក្សាបានគឺមានមានន័យថាយើងគ្មានមាយាទ ។
ក្នុងនោះដែរ រដ្ឋបាលខេត្តពោធិ៍សាត់ បានសម្រេចបង្កើតក្រុមការងារដើម្បីចុះត្រួតពិនិត្យ និងធ្វើបច្ចុប្បន្នភាពតំបន់បឹងព្រះពន្លៃ ដើម្បីកសាងផែនទី ក្នុងការស្នើសុំកំណត់ទំហំផ្ទៃបឹងឡើងវិញ និងរៀបចំផែនការ គ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សវប្បធម៌ប្រវត្តិសាស្ត្រ ក្នុងតំបន់បឹងព្រះពន្លៃ ដោយធ្វើការអប់រំ ផ្សព្វផ្សាយ ឱ្យបានទូលំទូលាយ ការកាប់បំផ្លាញព្រៃឈើ ការចាប់សត្វព្រៃ និងការរុករានទន្ទ្រានដីយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ ដោយបច្ចុប្បន្នមានប្រជាពលរដ្ឋរស់នៅអាស្រ័យផល ជុំវិញមាត់បឹងចំនួន២៦០ក្បាលដី ស្មើនឹង២៤២ហិកតា គិតជាគ្រួសារមានចំនួន២១៦គ្រួសារ ហើយអាងទឹកបឹងព្រះពន្លៃនេះ អាចស្រោចស្រពលើផ្ទៃដីស្រូវវស្សា បានពី៦៥០០ហិកតាទៅ១០.០០០ហិកតា និងស្រូវប្រាំង៤២០០ហិកតា ៕
Leave a Reply