ព្រះករុណាព្រះមហាក្សត្រ ផ្ញើព្រះរាជសារអបអរសាទរខួប៧ឆ្នាំ ការចុះបញ្ជីតំបន់ប្រាសាទសំបូរព្រៃគុកចូលអង្គការ UNESCO

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសារ អបអរសាទរខូបជាប្រវត្តិសាស្ត្រ នៃការចុះបញ្ជីតំបន់ប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោកអង្គការUNESCO (០៨ កក្កដា ២០១៧ – ០៨ កក្កដា ២០២៤)។

នៅក្នុងព្រះរាជសារព្រះករុណាព្រះមហាក្សត្របានមានព្រះរាជបន្ទូលថា «នៅក្នុងឱកាសខួបជាប្រវត្តិសាស្ត្រ ៧ឆ្នាំ នៃការចុះបញ្ជីតំបន់ប្រាសាទសំបូរព្រៃគុកជា សម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅ ដោយអង្គការយូណេស្កូ (UNESCO) ទូលព្រះបង្គំខ្ញុំ ព្រះករុណាខ្ញុំ សូមសម្តែងនូវហឫទ័យសោមនស្សរីករាយឥតឧបមាដ៏ជ្រាលជ្រៅ សូមចូលរួមអបអរសាទរជាមួយសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គ និងជនរួមជាតិទាំងអស់ ជាទីនឹករលឹក និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត»។

ព្រះអង្គបានមានព្រះរាជបន្ទូលទៀតថា«ទូលព្រះបង្គំខ្ញុំ ព្រះករុណាខ្ញុំ សូមកោតសរសើរដ៏ស្មោះចំពោះការចុះបញ្ជីតំបន់ប្រាសាទសំបូរ ព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលជាសម្បត្តិវប្បធម៌ជាតិ និងសកលលោក ឱ្យបានស្ថិតស្ថេរគង់វង្សនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ទូលព្រះបង្គំខ្ញុំ ព្រះករុណាខ្ញុំ សូមសម្តែងនូវកតញ្ញូតាធម៌ ដ៏ខ្ពង់ខ្ពស់បំផុត ចំពោះ ព្រះរាជតម្រិះ ព្រះករុណាព្រះមហាវីរត្រ ព្រះវររាជបិតាជាតិខ្មែរ «ព្រះបរម រតនកោដ្ឋ » ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានយក​ព្រះទ័យទុក​ដាក់ជានិច្ចកាលក្នុងការថែរក្សាសម្បត្តិវប្បធម៌ជាតិក្នុងមួយព្រះជន្មព្រះអង្គ និងក្រោមការដឹកនាំ​ប្រកបដោយគតិបណ្ឌិត់ដ៏ឈ្លាសវ និងប៉ិនប្រសប់របស់ សម្តេចអគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន ជាប្រមុខ និងបន្តបច្ចុប្បន្ន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខរាជរដ្ឋាភិបាល បានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា បើកនូវទំព័រ ប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលពិភពលោកព្រមទទួលស្គាល់នូវសម្បត្តិវប្បធម៌ ប្រវត្តិសាស្ត្រជាកេរដំណែល ដ៏ឆ្នើមនៃបុព្វបុរសខ្មែរបន្សល់ទុកសម្រាប់មនុស្សជាតិជំនាន់ក្រោយដើម្បីថែរក្សាបន្ត ។

តាមរយៈព្រះរាជសារនេះព្រះករុណាព្រះមហាក្សត្រព្រះអង្គ ក៏បានមានព្រះរាជបន្ទូលប្រកាស សូមថ្លែងនូវអំណរគុណដ៏ជ្រាលជ្រៅ និងការគាំទ្រជាខ្លាំង ចំពោះអាជ្ញាធរជាតិសំបូរព្រៃគុក និងគណៈកម្មាធិការសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិ សាស្ត្រសំបូរព្រៃគុក « ICC/ANGKOR-SAMBOR PREI KUK» និងការថែទាំបន្ត ដែលដឹកនាំដោយសហប្រធាន ជាតំណាងនៃសាធារណរដ្ឋបារាំង និងប្រទេសជប៉ុន ព្រមទាំងដៃគូកិច្ចសហប្រតិបត្តិការ​ទាំងអស់​ផងដែរ។

ជាមួយគ្នានោះដែរព្រះអង្គក៏សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ប្រសិទ្ធពរជ័យ បវរសួស្តី ថ្វាយ-ប្រគេន សម្ដេចព្រះមហាសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ និងជនរួមជាតិទាំងអស់ សូមប្រកបតែនឹងព្រះពុទ្ធពរគ្រប់ប្រការ កុំបីឃ្លៀងឃ្លាតឡើយផងដែរ៕អត្ថបទបាន ចក់