ការព្យាករ៖ គណបក្សឆ្វេងនិយម ឈ្នះការបោះឆ្នោតសភាជុំទីពីរនៅប្រទេសបារាំង

ប្រទេសបារាំង ប្រឈមមុខនឹងលទ្ធភាពនៃការជាប់គាំងនយោបាយ បន្ទាប់ពីការបោះឆ្នោតសភាជុំទី២ កាលពីថ្ងៃអាទិត្យ (០៧ កក្កដា) បានធ្វើឱ្យសភាស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ ដោយក្រុមសម្ព័ន្ធភាពគណបក្សឆ្វេងនិយម នាំមុខក្នុងការបោះឆ្នោតដោយនឹកស្មានមិនដល់ ហើយត្រូវបានគេរំពឹងថានឹងកាន់កាប់ចន្លោះពី ១៧៥ អាសនៈទៅ ២០៥ អាសនៈក្នុងរដ្ឋសភា នេះបើយោងតាមការព្យាករ ប៉ុន្តែមិនមានក្រុមណាឈ្នះសំឡេងភាគច្រើនឡើយ។

ការព្យាករលទ្ធផលបោះឆ្នោតបានបង្ហាញថា អ្នកបោះឆ្នោតបានផ្តល់នូវជំហានថយក្រោយដ៏ធំមួយសម្រាប់គណបក្សស្ដាំនិយមជ្រុល រួបរួមកម្លាំងជាតិ (RN) របស់លោកស្រី ម៉ារីន ឡឺប៉ែន (Marine Le Pen) ដែលឈរនៅលេខរៀងទី៣ ហើយនឹងទទួលបានត្រឹមតែ ១១៥ ទៅ ១៥០ អាសនៈប៉ុណ្ណោះ។

លទ្ធផលនេះក៏ជាការវាយប្រហារមួយសម្រាប់ប្រធានាធិបតីកណ្តាលនិយម លោក អ៊ីម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ដែលក្រុមចម្រុះរបស់លោកឈរនៅលេខរៀងទីពីរ ជាមួយនឹងលទ្ធភាពទទួលបានពី ១៥០ ទៅ ១៧៥អាសនៈ។ លោក ម៉ាក្រុង នឹងស្ថិតនៅជាមួយសភាដែលបែកបាក់ខ្លាំងនៅក្នុងអ្វីដែលត្រូវបានកំណត់ថានឹងធ្វើឱ្យតួនាទីរបស់បារាំង ចុះខ្សោយនៅក្នុងសហភាពអឺរ៉ុប និងកន្លែងផ្សេងទៀតនៅបរទេស ហើយធ្វើឱ្យមានការលំបាកសម្រាប់មេដឹកនាំណាម្នាក់ក្នុងការជំរុញរបៀបវារៈក្នុងស្រុក។

មិនមានគណបក្សណាមួយនឹងទទួលបានការគាំទ្រភាគច្រើនដាច់នៃចំនួនកៅអី ២៨៩ អាសនៈក្នុងសភាជាតិបារាំង ដែលមានសមាជិកចំនួន ៥៧៧ រូបនោះទេ។ ការបោះឆ្នោតនេះនឹងធ្វើឱ្យសភាត្រូវបែងចែកជាបីក្រុមធំៗគឺ ឆ្វេងនិយម កណ្តាលនិយម និងស្តាំនិយមជ្រុល ជាមួយនឹងទស្សនៈនយោបាយខុសគ្នាយ៉ាងខ្លាំង និងពុំមានទម្លាប់ធ្វើការជាមួយគ្នា៕